អភិបាលខេត្តកណ្ដាល លើកទឹកចិត្តយុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង ត្រូវខិតខំហ្វឹកហាត់ឱ្យបានល្អ
04-11-2026 17:19
(កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើយុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង ត្រូវខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ជាមួយនឹងពាក្យស្លោកថា «មនុស្សយើងមិនត្រូវ ខ្លាចឧបសគ្គទេ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង»។
ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែល លោកអភិបាលខេត្តបានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាង ៣០០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។
លោក គួច ចំរើន បន្តថា ក្នុងរយៈពេល ២ ឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធា យើងនឹងជួបឧបសគ្គជាច្រើន ដូច្នេះយើងទាំងអស់គ្នាមិនត្រូវខ្លាចឧបសគ្គឡើយ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង។ ឧបសគ្គដែលត្រូវឆ្លងកាត់ក្នុងរយៈពេល ២ ឆ្នាំនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បង្កើតភាពជោគជ័យទៅថ្ងៃអនាគត ដូច្នេះសូមក្មួយៗប្ដេជ្ញាចិត្តខិតខំតស៊ូ គោរពវិន័យ បទបញ្ជា និងស្រឡាញ់សាមគ្គីគ្នានៅទីនោះឱ្យបានល្អ។
លោក គួច ចំរើន បានគូសបញ្ជាក់ថា កាតព្វកិច្ចយោធានេះមាននៅគ្រប់ប្រទេសទាំងអស់លើសកលលោក។ ប្រទេសកម្ពុជាយើងកន្លងមកបានឆ្អែតឆ្អន់នឹងសង្គ្រាមស៊ីវិល ហើយត្រូវបានបញ្ចប់ទៅវិញក្រោមនយោបាយឈ្នះ-ឈ្នះ របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ឆ្លងកាត់បទពិសោធន៍សង្គ្រាមកន្លងមក ក្នុងនាមជាប្រទេសជាតិមួយ ចាំបាច់ត្រូវតែមានកងកម្លាំងសកម្ម និងកម្លាំងបម្រុងដ៏រឹងមាំ ហើយបន្ទាប់ពីបញ្ចប់កាតព្វកិច្ចនេះ យុវជនទាំងអស់នឹងក្លាយជាកម្លាំងបម្រុងដ៏សំខាន់របស់ជាតិ។ ការស្ម័គ្រចិត្តរបស់ក្មួយៗនៅពេលនេះ គឺជាការលះបង់ភាពរីករាយផ្ទាល់ខ្លួន ដើម្បីទៅបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមការពារមាតុភូមិ។
លោក គួច ចំរើន បន្ថែមថា នៅក្នុងរយៈពេល ២ ឆ្នាំនៃការរស់នៅ និងហ្វឹកហាត់នៅសាលា ក្មួយៗអាចនឹងជួបការលំបាកខ្លះដោយត្រូវគោរពវិន័យម៉ឺងម៉ាត់ លត់ដំកាយសម្បទា និងការរស់នៅជាក្រុម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ២ ឆ្នាំនេះ វានឹងជួយឱ្យក្មួយៗទាំងអស់ជៀសផុតពីសកម្មភាពក្មេងទំនើង និងជៀសផុតពីហានិភ័យនៃបញ្ហាគ្រឿងញៀនយ៉ាងពិតប្រាកដ ដោយទទួលបានមកវិញនូវរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងខាងផ្នែកយោធា។ ហើយក្រោយពេលបញ្ចប់កាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ ចំពោះក្មួយៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងចង់បន្តការងារជាកងទ័ព ឬកងរាជអាវុធហត្ថ គឺរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងចាត់ទុកក្មួយៗជាអាទិភាពមុនគេបង្អស់។ មិនត្រឹមតែស្ថាប័នរដ្ឋប៉ុណ្ណោះទេ សូម្បីតែបណ្ដាក្រុមហ៊ុនឯកជន រោងចក្រ និងសហគ្រាសនានា ក៏តែងតែផ្ដល់អាទិភាពខ្ពស់ចំពោះបុគ្គលិកដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធារួចរាល់ ព្រោះពួកគេមានវិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ ដែលបានស្ម័គ្រចិត្តលះបង់ កូន បងប្អូន បញ្ជូនមកបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ប្រកបដោយស្មារតីស្នេហាជាតិខ្ពស់បំផុត៕














































