FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ជួបសំណេះសំណាល និងជូនដំណើរយុវជនចំនួន ២៣០នាក់ ដែលត្រូវបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ពនៅខេត្តកំពង់ស្ពឺ

04-11-2026 17:16

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានលើកឡើងថា មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះទឹកចិត្តស្នេហាជាតិរបស់ប្អូនៗយុវជនដែលបានបំពេញកាតព្វកិច្ច យោធាដោយភាពក្លាហាន ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារទឹកដីពីសត្រូវឈ្លានពានដែលចង់បានទឹកដីខ្មែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗយុវជនចំនួន ២៣០នាក់ ដែលត្រូវបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ពនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ប្រតិបត្តិការសឹករងតាកែវ លោកអភិបាលខេត្តតាកែវ បានថ្លែងថា ការចូលរួមបំពេញកាតព្វកិច្ចយោធារបស់ប្អូនៗ គឺជាគំរូដ៏ល្អមួយ និងជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋក្នុង ខេត្តតាកែវទាំងមូល ដើម្បីជាកម្លាំងស្នូលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការពារដែនអធិបតេយ្យភាពជាតិ។

ជាមួយគ្នានោះ លោក វ៉ី សំណាង ក៏បានណែនាំដល់ប្អូនៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រ គោរពវិន័យ និងតស៊ូប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងពូកែ ដើម្បីក្លាយខ្លួនជាកងទ័ពដែលមានសមត្ថភាពសម្រាប់បម្រើឱ្យ វិស័យការពារជាតិ ហើយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋតែងតែនៅពីក្រោយខ្នងគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់យុវជនទាំងអស់ក្នុងការបំពេញភារកិច្ចការពារជាតិជានិច្ច៕