FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យ និងណែនាំការងារផ្ទៃក្នុងដល់មន្ត្រីសាខា កបប ខេត្តព្រះសីហនុ ដើម្បីការធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្ថាប័ន

04-11-2026 17:13

(ព្រះសីហនុ)៖ លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឡាយ សុខសៅគន្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារ និងសំណេះសំណាលមួយមន្ត្រីសាខា កបប ខេត្តព្រះសីហនុ ក្នុងគោលបំណងការធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្ថាប័ន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងមានការចូលរួមដោយ អនុប្រធាននាយកដ្ឋាន និងលោក ឃុន ស៊ីម៉ន ប្រធានសាខា (ក.ប.ប.) ខេត្ត ព្រមទាំងប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ នៃសាខា ក.ប.ប. ខេត្តព្រះសីហនុ។

ថ្លែងនាឱកាសនោះ លោក វ៉េង សុធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការផ្តាំផ្ញើការសាកសួរពីសំណាក់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនដល់មន្ត្រីរាជការទាំងអស់ ព្រមទាំងបានណែនាំយ៉ាងសំខាន់ៗលើទិសដៅការងារកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោក ឡាយ សុខសៅគន្ធា បានបង្ហាញយ៉ាងលម្អិតអំពីតួនាទី និងភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងការធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្ថាប័ន ទៅដល់មន្ត្រីជានាញទាំងអស់ របស់សាខា កកប ខេត្តព្រះសីហនុផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប បានឡើងមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ ជូនអង្គប្រជុំជ្រាបផងដែរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានផ្លែផ្កាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុការពារសិទ្ធិអ្នកប្រើប្រាស់ និងលើកកម្ពស់កិច្ចការប្រកួតប្រជែងស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម៕