FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ

04-11-2026 17:12

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធាចំនួន២១០នាក់ ឆ្ពោះទៅកាន់សាលា ហ្វឹកហ្វឺនកងទ័ព ដើម្បីចូលរួមបំពេញកាតព្វកិច្ចការពារជាតិ និងមាតុភូមិ។ ពិធីនេះបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់របស់យុវជន ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ។

លោកអភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា គឺជាការបង្ហាញឱ្យឃើញពីស្មារតីទទួលខុសត្រូវ និងការចូលរួមចំណែកដ៏មានតម្លៃក្នុងការបម្រើជាតិមាតុភូមិ ព្រមទាំងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងការលះបង់ដើម្បីផលប្រយោជន៍រួម។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ភូមិសាស្ត្រខេត្តព្រះវិហាររបស់យើង គឺជាទឹកដី ប្រវត្តិសាស្ត្រមួយ និងជាខែលការពារខ្សែបន្ទាត់ព្រំដែន ដ៏រឹងមាំ របស់មាតុភូមិកម្ពុជាយើង។ជាមួយគ្នានេះ យើងក៏បានឆ្លងកាត់ នូវបទពិសោធន៍ឈឺចាប់ និងរងគ្រោះដោយសង្គ្រាមឈ្លានពាន របស់យោធាថៃ នាពេលកន្លងមក ដែលបានបន្សល់ទុកនូវ ស្លាកស្នាមភស្តុតាងប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងការបំផ្លិចបំផ្លាញ ជាច្រើនផងដែរ។

ជាក់ស្តែង យើងមានភូមិតាកឹងបៃតង (ប្រជាពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅវិញ) ដែលនឹងដាក់ឈ្មោះផ្លូវការ ជាភូមិតាកឹងចងចាំ ដែលជាភស្តុតាង នៃការចងចាំមិនអាចភ្លេច បាន នូវសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជាយើង ហើយនឹងប្រែក្លាយភាពឈឺចាប់ទៅជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ក្នុងនាមស្មារតីខ្មែរតែមួយ ចូលរួមចលនា ខឿនការពារជាតិ ប្រជាជន ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។

ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ដែលបានខិតខំអប់រំ បណ្តុះបណ្តាលកូនចៅឱ្យក្លាយជាពលរដ្ឋល្អ និងបានគាំទ្រ ព្រមទាំងអនុញ្ញាតឱ្យកូនចៅស្ម័គ្រចិត្តចូលបម្រើជាតិ តាមរយៈការបំពេញកាតព្វកិច្ចក្នុងកងយោធពលខេមរភូមិន្ទ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងជូនពរដល់យុវជនស្ម័គ្រចិត្តទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងហ្វឹកហ្វឺន មានសុខភាពល្អ កម្លាំងមាំមួន រក្សាបាននូវវិន័យ សាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនប្រកបដោយសុវត្ថិភាព ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាព និងត្រៀមខ្លួនបំពេញភារកិច្ចការពារជាតិមាតុភូមិ៕