FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព

04-11-2026 17:07

(កំពង់ធំ)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីអបអរសាទរ និងជូនដំណើរប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តដាក់ពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា ជំហានទី១ ឆ្នាំ២០២៦ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ព្រមទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំគណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងយោធិននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋបានអញ្ជើញចូលរួមជូនដំណើរយ៉ាងច្រើនកុះករ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ បានឡើងរាយការណ៍បញ្ជាក់ថា៖ ដោយអនុវត្តតាមច្បាប់ និងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអញ្ជើញប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា មានចំនួន ១០,០០០ នាក់ សម្រាប់ឆ្នាំ២០២៦។

លោក នួន ផារ័ត្ន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងអបអរសាទរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ព្រមទាំងបងប្អូនអ៊ុំ ពូមីង ជាអាណាព្យាបាល ដែលបានអញ្ជើញជូនដំណើរកូនចៅ ទៅបំពេញកាតព្វកិច្ចយោធានៅពេលនេះ ។

លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះក្មួយៗ ដែលបានស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីកិត្តិយសជាតិ ដើម្បីរួមគ្នាការពារជាតិមាតុភូមិ នៃយើង និងដើម្បីកិត្តិយសខ្លួនឯង និងក្រុមគ្រួសារផងដែរ និងបានណែនាំដល់ក្មួយៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ លត់ដំខ្លួន នៅសាលាហ្វឹកហ្វឺនឲ្យបានល្អ និងគោរពបទបញ្ជារបស់មេបញ្ជាការគ្រប់ថ្នាក់ ក្នុងពេលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្ដាកងឯកភាពនីមួយៗ ដើម្បីក្លាយជាយុវជនល្អ ជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ នៃព្រះរាជាណាចក្រកម្ពុជាយើង។

លោក នួន ផារ័ត្ន និងគណៈកម្មាធិការកាតព្វកិច្ចយោធា ខេត្តកំពង់ធំ បានបំពាក់កន្សែងអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងស្បៀងអាហារ ភេសជ្ជៈ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ក្នុងពេលធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពផងដែរ៕