អភិបាលខេត្តរតនគិរី ណែនាំឱ្យយុវជនបំពេញកាតព្វកិច្ចយោធា ចូលសាលាហ្វឹកហ្វឺន ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីបម្រើ និងការពារជាតិ មាតុភូមិ
04-11-2026 16:59
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់យុវជន ដែលត្រូវបំពេញកាតព្វកិច្ចយោធាទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហ្វឺន រៀនសូត្រ ត្រងត្រាប់ក្រេបយកចំណេះវិជ្ជា វិន័យកងទ័ព និងកសាងសមត្ថភាពឱ្យបានរឹងមាំ ដើម្បីចេញទៅបម្រើ ការពារជាតិ និងប្រជាជនឱ្យបានស័ក្តិសមជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី។
នាឱកាសនោះ លោក ញ៉ែម សំអឿន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញកាតព្វកិច្ចយោធា ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ខ្ពស់របស់យុវជនកម្ពុជា។ ការចូលរួមបំពេញកាតព្វកិច្ចការពារជាតិ គឺជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក៏ដូចជាស្របនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចាត់ទុកកិច្ចការពារជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជាអាទិភាពស្នូលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
លោកបានបន្ថែមថា យុវជនគឺជាកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍ និងការពារមាតុភូមិ។ ដូច្នេះ ការចូលទៅក្នុងសាលាហ្វឹកហ្វឺនកងទ័ព មិនត្រឹមតែជាការបំពេញកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាស ក្នុងការបណ្ដុះបណ្ដាលឆន្ទៈ វិន័យ សាមគ្គីភាព កាយសម្បទា និងចំណេះដឹងយុទ្ធសាស្ត្រយោធា សំដៅប្រែក្លាយយុវជនឱ្យទៅជាយោធិនគំរូ ពោរពេញដោយសមត្ថភាព និងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
លោកឧត្ដមសេនីយ៍ត្រី មុយ សុផាត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី បានឱ្យដឹងថា យុវជនដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពនៅទូទាំងខេត្តរតនគិរី នាពេលនេះ មានចំនួនសរុប ១៧០នាក់។ ក្នុងនោះ ចំនួនយុវជនដែលចេញដំណើរទៅកាន់សាលាហ្វឹកហាត់ជាក់ស្ដែង មានចំនួន ១៦៧នាក់ ខណៈដែល៣នាក់ផ្សេងទៀត បានស្នើសុំពន្យារពេលដោយមានមូលហេតុចាំបាច់ស្របតាមនីតិវិធីច្បាប់៕











