ក្រសួងទេសចរណ៍ ជូនដំណឹងពីការចាកចេញរបស់នាវាទេសចរណ៍ Villa Vie Odyssey ប្រកបដោយសុវត្ថិភាពពីប្រទេសកម្ពុជា
04-11-2026 16:43
(ភ្នំពេញ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាប្រកបដោយភាពរលូននិងសុខសុវត្ថិភាព។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពជំនាញពាក់ព័ន្ធ មានជាអាទិ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ រាជធានី ខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ព្រមទាំងវិស័យឯកជន បានសហការយ៉ាងជិតស្និទ្ធ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ និងសម្របសម្រួលក្នុងការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការស្នាក់នៅ សម្របសម្រួលការ ធ្វើដំណើរការផ្តល់សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងផ្តល់សេវាកម្មចាំបាច់ផ្សេងៗទៀតដល់ភ្ញៀវទេសចរ អន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា។
ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា បានសម្តែងនូវក្តីរំភើបចំពោះការយកចិត្តទុកដាក់របស់កម្ពុជា បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានភ្ញៀវទេសចរអន្តរជាតិ មួយចំនួនទៀតបាននិងកំពុងបន្តស្នាក់នៅ និងបន្តធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានា នៅខេត្ត ព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកំពត ខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀតផងដែរ។
ការចូលចត និងការចាកចេញទៅវិញដោយរលូនរបស់នាវាទេសចរណ៍ Villa Vie Odyssey ព្រមទាំង ការបន្តការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា គឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីជុំវិញ ពិភពលោក។ ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Villa Vie Odyssey បានធ្វើឲ្យកម្ពុជាក្សាបាននូវ កេរតំណែលទឹកចិត្តមនុស្សធម៌ដ៏មានតម្លៃ បន្តតាំងពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងទឹកចិត្តមនុស្សធម៌សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ដែលពិភពលោកបានប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច ប៉ុន្ដែមានបេះដូងធំ»៕




