អគ្គនាយក ARDB លើកទឹកចិត្តឱ្យកសិករគិតពីទីផ្សារមុនការដាំដុះ ឬចិញ្ចឹមសត្វ
04-11-2026 16:26
(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកទឹកចិត្តឱ្យប្រជាកសិករគិតពីរឿងទីផ្សារ មុននឹងសម្រេចចិត្តក្នុងការដាំដុះ ឬចិញ្ចឹមសត្វអ្វីមួយ។
លោកអគ្គនាយក បានថ្លែងថា ការធ្វើកសិកម្មមានបញ្ហប្រឈមច្រើន ហើយបញ្ហាប្រឈមធំដែលតែងជួបការលំបាកខ្លាំងជាងគេសម្រាប់អ្នកដាំដុះ និងអ្នកចិញ្ចឹម គឺទីផ្សារលក់កសិផលរបស់ពួកគាត់ ហើយលោកបានដាស់តឿនបន្ថែមថា បើមានលុយ (ទុន) ហើយអត់ទីផ្សារ គឺជាហានិភ័យខ្ពស់។
លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ, លោក ចាន់ ថា អភិបាលរងខេត្តកំពត, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង៣០០នាក់។
លោកបណ្ឌិត បានលើកឡើងថា «បើយើងមានលុយ ផលិតបានល្អហើយតែលក់មិនដាច់ មិនដឹងថាត្រូវលក់យ៉ាងម៉េច ហើយចំណុចនេះ មានហានិភ័យខ្ពស់ណាស់។ ដូចនេះបងប្អូនត្រូវគិតគូរ [ទីផ្សារ] មុនគេ។ មុនផលិត និងមុនធ្វើការដាំដុះត្រូវគិតថាត្រូវលក់នៅកន្លែងណា? លក់ឱ្យអ្នកណា? លក់ថ្ងៃប៉ុន្មាន? ហើយចំណុចទាំងនេះបងប្អូនធ្លាប់បានគិតគូរពីមុនដែរខ្លះទេ ឬមួយគិតថាចាំដាំដុះឱ្យបានសិនចាំដើររកអ្នកទទួលទិញ?»។
លោកបណ្ឌិត សង្កត់ធ្ងន់ថា «បើសិនជាមានទម្លាប់មួយគិតថា ដាំឱ្យបានសិនចាំដើររកអ្នកទិញ សូមបងប្អូនផ្លាស់ប្តូរឥរិយាបទ ឬផ្នត់គំនិតនេះឡើងវិញ។ ខ្ញុំស្នើសុំហើយស្នើសុំទៀត។ ទី១ ត្រូវគិតគូរអំពីទីផ្សារជាមុន។ ដាំយ៉ាងណា ចិញ្ចឹមយ៉ាងណាក៏ដោយ ត្រូវដឹងថាត្រូវយកទៅលក់នៅកន្លែងណា ហើយលក់ថ្លៃប៉ុន្មានទើបបានប្រាក់ចំណេញ»។
ទាក់ទងនឹងការសន្និដ្ឋានពីភាពចំណេញឬខាត ពីការធ្វើកសិកម្មនេះ លោកបណ្ឌិត លើកទឹកចិត្តដល់ប្រជាកសិករ ឱ្យគណនាថ្លៃដើមផលិតទៅតាមលក្ខណៈវិទ្យាសាស្ត្រ ជាជាងប្រើអារម្មណ៍ប៉ាន់ស្មាន៕










