រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ ត្រៀមស្វាគមន៍ភ្ញៀវទេសចរចិន និងអន្តរជាតិដោយទំនុកចិត្ត
04-11-2026 16:18
(ចិន)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង ខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ ដោយមានការអញ្ជើញចូលរួមពីលោក Wu Xiaojun លេខាធិការគណៈកម្មាធិការបក្សប្រចាំខេត្តគ័នស៊ូ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Jiang Hui អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Sun Weidong អគ្គលេខាធិការដ្ឋានយន្តការចិន-អាស៊ីកណ្តាល លោក Shahbaz Khan នាយកការិយាល័យប្រចាំតំបន់អាស៊ីបូព៌ារបស់អង្គការយូណេស្កូ ព្រមទាំងប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង៤០០រូប មកពីប្រទេសជាង៥០ លើពិភពលោក។
ក្នុងសុន្ទរកថានោះ លោក ហួត ហាក់ បានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះចំនួន៨លើកកន្លងមក និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តគ័នស៊ូ និងរដ្ឋបាលក្រុងទុនហ័ង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ស្របតាមស្មារតីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
លោករដ្ឋមន្ត្រីបានលើកឡើងថា ខេត្តគ័នស៊ូ គឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃវិថីសូត្របុរាណ ដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសរូងភ្នំម៉ូកៅ នៅទីក្រុងទុនហ័ង ខណៈកម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រវត្តិសាស្ត្រជាច្រើន ដែលសុទ្ធសឹងជាសម្បត្តិមរតកដ៏មានតម្លៃនៃអរិយធម៌មនុស្សជាតិ។
ជាមួយគ្នានេះ គំនិតផ្តួចផ្តើម «កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» បានក្លាយជាចំណុចសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌តាមបណ្តោយវិថីសូត្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។
លោកបានបន្ថែមថា ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រលើកទី៩នេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។
ជាពិសេស លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរចិន និងភ្ញៀវអន្តរជាតិទាំងអស់ ឱ្យមកទស្សនាកម្ពុជាដោយក្តីជឿជាក់ និងទំនុកចិត្ត ដោយធានាថាការស្នាក់នៅ ការកម្សាន្ត និងការធ្វើធុរកិច្ច ប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព និងភាពកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់គេហដ្ឋានរបស់ខ្លួន។
សូមជម្រាបថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានប្រវត្តិសាស្ត្រយូរលង់តាំងពីសម័យហ្វូណនមកម្ល៉េះ។ ជាពិសេស ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់ រហូតក្លាយជា «មិត្តដែកថែប» តាមរយៈការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបច្ចុប្បន្ន ព្រមទាំងការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ៕
















