ខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
04-11-2026 16:13
(កំពង់ចាម)៖ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងលោកអភិបាលខេត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។
ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តនទីមង្គលារាម ហៅវត្តពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ សរុបចំនួន ២៥០នាក់។
ក្នុងឱកាសដ៏សំខាន់នេះ លោកស្រី ប៉ាង ដានី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ផ្តល់ជូនដល់លោកតា លោកយាយ ចំនួន ២០០នាក់ ដោយម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ និងថវិកា ២០.០០០រៀល។ ជាមួយគ្នានោះ លោកស្រីក៏បានប្រគេនទេយ្យទានដល់ព្រះចៅអធិការវត្តផងដែរ។
ក្រោយពីបញ្ចប់ពិធី លោកស្រី ប៉ាង ដានី និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជូនលោក ម៉ៅ សារឿន មេឃុំរការគយ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ កាយវិការទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ដែលជាសសរទ្រូងដ៏រឹងមាំក្នុងសង្គម៕














