FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងជូនដំណើរយុវជន ១៧០នាក់ ចូលបំពេញកាតព្វកិច្ចយោធាទៅសាលាហ្វឹកហ្វឺនកងទ័ព

04-11-2026 16:14

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្នុងខេត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន ១៧០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា។ យុវជនទាំងអស់នឹងត្រូវចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈយោធា និងការពារជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិរបស់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានផ្តាំផ្ញើឲ្យយុវជនទាំងអស់ខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្រេបយកចំណេះដឹង ជំនាញ និងវិន័យយោធាពីគ្រូប្រដៅនៅសាលាហ្វឹកហ្វឺនឲ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះសូមថែរក្សាសុខភាពឱ្យបានល្អ មេត្រីភាព និងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំជាមួយមិត្តភក្តិ ព្រមទាំងប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីឱ្យបានគង់វង្ស។

បន្ថែមលើសពីនេះ លោក សួន សុម៉ាលីន ក៏បានជូនពរឲ្យបេក្ខជនទាំងអស់មានសុខភាពល្អ កម្លាំកាយរឹងមាំ ទទួលបានជោគជ័យគ្រប់ភារកិច្ច។ ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តចំពោះកិច្ចការការពារជាតិ និងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយក្នុងការបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លានេះ។

ជាការលើកទឹកចិត្ត លោក សួន សុម៉ាលីន ក៏បានឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់មួយចំនួនជូនដល់យុវជនគ្រប់ៗរូប ដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺន៕