FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តក្រចេះ ជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ចំនួន៨០នាក់ ទៅកាន់សាលាហ្វឹកហ្វឺន

04-11-2026 15:27

​(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះស្មារតីស្ម័គ្រចិត្ត និងការសម្រេចចិត្តដ៏មោះមុតរបស់យុវជន ក្នុងការចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។

​ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តត្រូវចូលបំពេញកាតព្វកិច្ចយោធា វគ្គទី១ ចំនួន៨០នាក់ ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដែលមានទីតាំងស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីជួបសំណេះសំណាលក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ, លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ, លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ដួង វុទ្ធី ប្រធានពន្ធនាគារខេត្តក្រចេះ និងលោក ខាន់ ប៊ុនសេង នាយករងរដ្ឋបាលសាលាខេត្តក្រចេះ។

​ក្នុងឱកាសនោះ លោក វ៉ា ថន បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ពរបស់យុវជនទាំងអស់នៅពេលនេះ គឺជាគំរូដ៏ប្រពៃមួយសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ ការទទួលខុសត្រូវខ្ពស់ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារជាតិ និងស្ថិរភាពសង្គម៕