FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកោះកុង ជូនដំណើរយុវជនស្ម័គ្រចិត្ត៩០នាក់ ចូលបំពេញកាតព្វកិច្ចយោធា

04-11-2026 15:23

(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន ៩០នាក់ ដែលត្រៀមចេញទៅបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីចូលរួមបំពេញកាតព្វកិច្ចការពារជាតិ។

ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់យុវជនទាំងអស់។ លោកស្រីបានគូសបញ្ជាក់ថា ការចូលបម្រើកាតព្វកិច្ចយោធា គឺជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ ដែលយុវជននឹងទទួលបានចំណេះដឹង បទពិសោធន៍ ជំនាញ និងវិន័យថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងជាកម្លាំងដ៏រឹងមាំរបស់ប្រទេសជាតិ។

លោកស្រី ឈី វ៉ា បានណែនាំឱ្យយុវជនទាំងអស់ចងចាំនូវចំណុចសំខាន់ៗមួយចំនួន គឺត្រូវមានវិន័យ សាមគ្គីភាព ការទទួលខុសត្រូវ និងគោរពបទបញ្ជា។ ត្រូវខិតខំរៀនសូត្រ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ រក្សាក្រមសីលធម៌ និងកិត្តិយសរបស់ខ្លួន។

លើសពីនេះ ត្រូវថែរក្សាសុខភាព និងសុវត្ថិភាព ព្រមទាំងបំពេញភារកិច្ចដោយស្មារតីម៉ឺងម៉ាត់ហ្មត់ចត់។ កាតព្វកិច្ចយោធានេះនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិ៕