FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យយុវជនយោធិនថ្មី១៤០នាក់ ប្រកាន់ខ្ជាប់វិន័យ និងចំណេះដឹងយោធា ដើម្បីការពារជាតិមាតុភូមិ

04-11-2026 15:20

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធីជួបសំណេះសំណាល និងជូនដំណើរយុវជន១៤០នាក់ មកពីបណ្តាក្រុង-ស្រុកទាំង៧ ដែលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ពលទាហានទី២ ស្រែស្ពៃ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងនោះ មានការចូលរួមពី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្តមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ម៉ុង ម៉េងអាន់ ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី ព្រមទាំងមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិដ៏មោះមុត ភាពក្លាហាន និងការស្ម័គ្រចិត្តបំពេញកាតព្វកិច្ច របស់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងស្នូលក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពរបស់ប្រទេសជាតិ។

លោកគូសបញ្ជាក់ថា ការចូលបម្រើកងទ័ពមិនត្រឹមតែជាកាតព្វកិច្ចស្របតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពដ៏ធំធេងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ទន្ទឹមនឹងនេះ លោក អភិបាលខេត្ត ក៏បានផ្តាំផ្ញើការណែនាំសំខាន់ៗមួយចំនួនដល់យុវជនយោធិនថ្មីទាំងអស់ រួមមាន៖ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទឱ្យបានខ្ជាប់ខ្ជួន, ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ជំនាញយោធា និងការហ្វឹកហាត់កាយសម្បទា ពីយោធាចារ្យ ដើម្បីក្លាយជាយោធិនដ៏រឹងមាំ និងមានសមត្ថភាពពេញលេញ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុង ចេះស្រឡាញ់ ជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចបងប្អូនបង្កើត។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តទាំងទ្វេរ ក៏បានផ្តល់ជូននូវ ថវិកា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនដល់យុវជនជាប់កាតព្វកិច្ចយោធាទាំងអស់ ដើម្បីជាការលើកទឹកចិត្ត មុននឹងប្អូនៗឡើងរថយន្តចេញដំណើរទៅកាន់ សាលាហ្វឹកហ្វឺនកងទ័ព ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីមោទកភាពជាទីបំផុត៕