ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា សប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា
04-11-2026 15:17
(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន។
លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឱ្យដឹងថា គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តសៀមរាប និងគណៈកម្មាធិការកាតព្វកិច្ចយោធាក្រុងស្រុក បានជំរឿនប្រជាពលរដ្ឋអាយុ១៧ឆ្នាំ ដល់២៥ឆ្នាំ និងជូនដំណឹង ការប្រគល់ ការទទួលបែបបទ ប្រជាពលរដ្ឋអាយុ១៨-២៥ឆ្នាំ ដែលស្ម័គ្រចិត្ត ដែលបានជាប់ឆ្នោតសុំពន្យារពេល សុំឱ្យរួចផុតពីការចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់ ក្នុងនោះប្រជាពលរដ្ឋអាយុ១៨-២៥ឆ្នាំក្នុងភូមិសាស្ត្រខេត្តសៀមរាបចំនួន៥៨០នាក់ ត្រូវមានឈ្មោះចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់ តាមលិខិតអញ្ជើញរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាក្នុងជំហានមួយឆ្នាំ២០២៦។
លោក ប្រាក់ សោភ័ណ បានថ្លែងថា ការចូលក្នុងសាលាហ្វឹកហ្វឺន គឺជាទីកន្លែងបណ្តុះបណ្តាលនូវវិន័យ សីលធម៌ ជំនាញយុទ្ធសាស្ត្រ និងបណ្ដុះមនសិការស្រឡាញ់ជាតិមាតុភូមិយ៉ាងពិតប្រាកដ។ទន្ទឹមនឹងនេះ ឯកឧត្តម សង្ឃឹម និងការរំពឹងទុកយ៉ាងមុតមាំ លើប្អូនៗទាំងអស់គ្នា ពេលទៅដល់សាលាហ្វឹកហ្វឺន ត្រូវតាំងចិត្តខិតខំសិក្សារៀនសូត្រ ត្រងត្រាប់ស្ដាប់ការណែនាំរបស់ គណៈកម្មាធិការ គ្រូបង្វឹក និងនាយទាហាន នាយទាហានរង ប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់។ត្រូវរក្សាឱ្យបាននូវ សេចក្ដីថ្លៃថ្នូរ ភាពអង់អាចក្លាហាន ការអំណត់ព្យាយាម យកឈ្នះរាល់ការលំបាកទាំងឡាយ ក្នុងពេលហ្វឹកហ្វឺន។
លោក ប្រាក់ សោភ័ណ មានជំនឿជាក់ថា ប្អូនៗទាំងអស់គ្នានឹងបញ្ចប់ការសិក្សាហ្វឹកហ្វឺនប្រកបដោយ ភាពជោគជ័យ និងត្រឡប់មកបំពេញបេសកកម្មការពារជាតិ មាតុភូមិ ថែរក្សាសុខសន្តិភាព និងសន្តិសុខសង្គម។ ប្អូនៗនឹងក្លាយទៅជា «សសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិ» នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហ្វឹកហ្វឺននេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងជីវភាពរស់នៅ និងការងារបម្រើសង្គម ដោយប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពស្មោះត្រង់ និងស្មារតីស្នេហាជាតិ ដើម្បីក្លាយជាយុវជនគំរូ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះលោក លោកស្រី គណៈកម្មាធិការកាតព្វកិច្ចយោធា លោក លោកស្រី ដែលជាក្រុមគ្រួសារ អាណាព្យាបាលរបស់ប្អូនៗ និងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះប្អូនៗ ដែលបានស្ម័គ្រចិត្តហ្វឹកហ្វឺនចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិដ៏មុតស្រួច ហ៊ានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការអំពាវនាវដ៏ពិសិដ្ឋ របស់ប្រទេសជាតិ៕














