ការពង្រីកអភិបាលកិច្ចអនុតំបន់៖ មូលហេតុដែលកម្ពុជា ឡាវ និងវៀតណាម គួរបង្កើតគំនិតផ្តួចផ្តើម CLV+3
04-11-2026 14:57
(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ត្រូវបានបង្កើតឡើងដោយប្រវត្តិសាស្ត្ររួមគ្នានៃការស្ថិតនៅក្រោមអាណានិគមនិយម សង្គ្រាមតំបន់ ការជ្រៀតជ្រែកពីបរទេស និងការតស៊ូដើម្បីឯករាជ្យភាពនៅក្នុងតំបន់មេគង្គ។
សម្រាប់អ្នកស្រាវជ្រាវរូបនេះ មើលឃើញថា ប្រទេសទាំងបីមានមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រយ៉ាងរឹងមាំក្នុងការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសការជ្រកក្រោមដំបូលនយោបាយ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់ក្រោយសង្គ្រាមនៃប្រទេសទាំងបី ដែលស្តែងឱ្យឃើញពីបទពិសោធន៍រួមគ្នានៃការរំដោះជាតិ ការកសាងជាតិ និងការជួយជ្រោមជ្រែងទៅវិញទៅមក។
នយោបាយនេះបានបង្កើតនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងយូរអង្វែងចំពោះការរស់នៅជាមួយគ្នាដោយសន្តិភាព ការគាំទ្រផ្នែកសន្តិសុខទៅវិញទៅមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន។ បេតិកភណ្ឌប្រវត្តិសាស្ត្រនេះបានជួយជំរុញឱ្យមានព្រំដែនស្ថិរភាព សម្រួលដល់ការខណ្ឌសីមាព្រំដែន និងការធ្វើពាណិជ្ជកម្ម ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពង្រឹងការធ្វើសមាហរណកម្មតំបន់កាន់តែប្រសើរឡើង ដែលរួមមានទាំងការចូលជាសមាជិកអាស៊ាននៃប្រទេសទាំងបីនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ផងដែរ។ នាពេលបច្ចុប្បន្ន នយោបាយនេះនៅតែជាគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងបក្ស និងបក្សឱ្យកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការអនុតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាពយូរអង្វែងនៅទូទាំងតំបន់មេគង្គ។
* ការលើកកម្ពស់សមាហរណកម្មតំបន់ CLV+3
ផ្អែកលើជោគជ័យនៃកិច្ចប្រជុំកំពូលសភា CLV លើកដំបូងដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញនាឆ្នាំ២០២៣ ប្រទេសទាំងបីបានបង្ហាញពីរបៀបដែលទំនុកចិត្តនយោបាយដ៏ស៊ីជម្រៅអាចត្រូវបានបំប្លែងទៅជាលទ្ធផលអភិវឌ្ឍជាក់ស្តែង តាមរយៈការលើកកម្ពស់យន្តការរដ្ឋសភា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងបី ដែលស្តែងចេញតាមរយៈតម្លៃរួមក្នុងការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងប្រជាជនជាស្នូល។
ការពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ព្រមទាំងការផ្លាស់ប្តូររវាងបទពិសោធរវាងស្ថាប័ន បានជួយពង្រឹងទំនុកចិត្តនយោបាយ ការពារសន្តិភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទន្ទឹមគ្នានឹងការអភិវឌ្ឍដែលយកប្រជាជនជាស្នូល។ តាមរយៈការបង្កើតរចនាសម្ព័ន្ធទំនាក់ទំនងពហុកម្រិត ដែលគ្របដណ្តប់លើស្ថាប័នគណបក្សកាន់អំណាច ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ គំនិតផ្តួចផ្តើម CLV+3 អនុញ្ញាតឱ្យប្រទេសកម្ពុជា ឡាវ និងវៀតណាម ធ្វើសុខដុមនីយកម្មក្របខ័ណ្ឌច្បាប់ សម្រួលពាណិជ្ជកម្មឆ្លងដែន ព្រមទាំងពង្រឹងការសម្របសម្រួលសន្តិសុខ និងការចែករំលែកព័ត៌មាន។
សំខាន់ជាងនេះទៅទៀតគឺ ការលើកកម្ពស់ការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំបក្សជំនាន់ក្រោយ ជួយថែរក្សាមិត្តភាពជាប្រពៃណី បណ្តុះចក្ខុវិស័យភាពជាអ្នកដឹកនាំរួម និងកសាងភាពធន់ផ្នែកការទូតរយៈពេលវែង។ តាមរយៈការគាំទ្រពីផ្នែកនីតិបញ្ញត្តិ ក្របខ័ណ្ឌនេះធានាថា សមាហរណកម្មតំបន់នៅតែមានតម្លាភាព ភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។
* អត្ថប្រយោជន៍ចម្បងនៃបង្កើតគំនិតផ្តួចផ្តើម CLV+3
ការបង្កើតគំនិតផ្តួចផ្តើម CLV+3 អាចបង្កើតលទ្ធភាពនៅក្នុងការពន្លឿននីតិវិធីនៃវិនិយោគឆ្លងដែន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមតាមព្រំដែនប្រកបដោយចីរភាពនៅទូទាំងអនុតំបន់មេគង្គ។ ជាអាទិ៍ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងបីបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងកម្ពុជាបានកើនឡើងហួសពី ១០ប៊ីលានដុល្លារ រហូតដល់បំបែកកំណត់ត្រាជាង ១១,៣ប៊ីលានដុល្លារ ខណៈដែលពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ សម្រេចបានជិត ៣ប៊ីលានដុល្លារ។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងឡាវ មានទំហំប្រមាណ ២៥០លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីការផ្លាស់ប្តូរពាណិជ្ជកម្មទាំងនេះ គ្រាន់តែសហគ្រាសវៀតណាមមួយប៉ុណ្ណោះ បានផ្តល់ប្រភពទុនដល់គម្រោងវិនិយោគជាង ១១០ ដែលមានតម្លៃប្រមាណ ៣,៧ប៊ីលានដុល្លារ នៅតាមបណ្តាខេត្តជាប់ព្រំដែនក្នុងប្រទេសកម្ពុជា និងឡាវ ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ថាមពល និងឡូជីស្ទីក (ភស្តុភារកម្ម)។
តាមរយៈការពង្រឹងការធ្វើស្ថាប័នតូបនីយកម្មផ្នែករដ្ឋសភា និងនីតិបញ្ញត្តិមឱ្យមានលក្ខណៈជាប្រព័ន្ធ និងទៀងទាត់ ក្របខ័ណ្ឌ CLV+3 អាចផ្តល់នូវបរិយាកាសផ្លូវច្បាប់ដែលមានភាពច្បាស់លាស់ អាចព្យាករណ៍បាន និងមានស្តង់ដា ដោយធានាបានក្នុងការជួយការពារការវិនិយោគផ្ទាល់ពីបរទេស និងលើកទឹកចិត្តដល់ការចូលរួមពីវិស័យឯកជន។ បន្ថែមពីនេះ ការបន្ស៊ីគ្នានៃច្រករបៀងដឹកជញ្ជូន ប្រព័ន្ធភស្តុភារកម្ម និងប្រព័ន្ធសម្រួលពាណិជ្ជកម្ម ក្រោមវេទិកានានាដូចជា កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែននៃអនុតំបន់មេគង្គ អាចជួយកាត់បន្ថយបញ្ហារដ្ឋបាលនិងលិខិតគតិយុត្ត និងថ្លៃដើមដឹកជញ្ជូននៅតាមច្រកព្រំដែនគោកសំខាន់ៗ។ តម្លាភាពផ្នែកច្បាប់ និងការតភ្ជាប់ផ្នែករូបវន្តដែលត្រូវបានបង្កើននេះ មិនត្រឹមតែបើកផ្លូវឱ្យលំហូរទុនរវាងប្រទេសដៃគូទាំងបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញទុនពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) ផងដែរ។
* ការផ្តោតលើប្រជាជនជាស្នូលសម្រាប់អាទិភាពក្នុងអភិបាលកិច្ចតំបន់មេគង្គ
អ្វីដែលមានសារៈសំខាន់ស្មើគ្នាសម្រាប់ក្របខណ្ឌ CLV+3 គឺការផ្តោតលើការអភិវឌ្ឍ និងការតភ្ជាប់ដែលយកប្រជាជនជាស្នូល ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៅក្នុងក្របខ័ណ្ឌនេះ ដែលជារឿយសហគមន៍ដែលងាយរងគ្រោះរស់នៅតាមបណ្តោយតំបន់ព្រំដែនរួមគ្នាតែងតែរងផលប៉ះពាល់ដោយផ្ទាល់។ កម្មវិធីអនុតំបន់ជាប្រវត្តិសាស្ត្របានផ្តល់អាទិភាពដល់ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ តាមរយៈគំនិតផ្តួចផ្តើមរួមគ្នាស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សុខភាពសាធារណៈក្នុងតំបន់ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៅតាមបណ្តោយព្រំដែន។ បន្ថែមលើការលើកកម្ពស់សេដ្ឋកិច្ច ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឌីជីថល និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បានផ្លាស់ប្តូរតំបន់ព្រំដែនពីតំបន់ដាច់ស្រយាល ទៅជាតំបន់ដែលមានការអភិវឌ្ឍ និងសន្តិសុខ។ ការកើនឡើងនៃសកម្មភាពឆ្លងដែន និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងកម្រិតសហគមន៍រវាងប្រជាជនប្រទេសទាំងបី បានបណ្តុះនូវការស្វែងយល់ដឹងពីគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ ដោយបានជួយដល់ការទប់ស្កាត់បទល្មើសឆ្លងដែន ការរត់ពន្ធ និងការឆ្លងដែនខុសច្បាប់យ៉ាងមានប្រសិទ្ធភាព ដែលជួយពង្រឹងសន្តិសុខព្រំដែន និងសុខដុមរមនាក្នុងតំបន់។
ក្រោមការពង្រីកទំនាក់ទំនងរវាងរដ្ឋសភារវាងរដ្ឋសភាក្រោមក្របខ័ណ្ឌ CLV+3 អនុញ្ញាតិឱ្យតំណាងរាស្ត្រថ្នាក់ជាតិអាចធានាបានថា ហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន និងគម្រោងវិនិយោគទុន អាចផ្តល់អាទិភាពដល់សំណាញ់សុវត្ថិភាពសង្គម សម្រួលពាណិជ្ជកម្មព្រំដែនក្នុងស្រុក និងធានានូវការបែងចែកធនធានប្រកបដោយសមធម៌។ អភិបាលកិច្ចរួមគ្នាក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងសន្តិសុខ ទឹក-ថាមពល-អាហារ តាមបណ្តោយដងទន្លេមេគង្គ នឹងធ្វើឱ្យសមាជិកសភាបង្កើតបទប្បញ្ញត្តិប្រកបដោយតុល្យភាព ដែលជួយការពារដល់ជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក ស្របជាមួយទៅនឹងតម្រូវការថាមពលក្នុងតំបន់ផងដែរ។ ការ វិនិយោគលើធនធានមនុស្ស វិបុលភាពក្នុងស្រុក និងការតភ្ជាប់ដោយរលូន ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការនីតិបញ្ញត្តិ ធានាបានថា ការកើនឡើងនៃកំណើនអនុតំបន់នៅតែមានបរិយាបន្ន សន្តិសុខ និងភាពធន់ផ្នែកសង្គម-សេដ្ឋកិច្ច។
ការគាំទ្រនៅពីក្រោយគំនិតផ្តួចផ្តើម CLV+3 ទាំងមូល គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងកណ្តាលភាពរបស់អាស៊ាន។ ដំណើរការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពរដ្ឋ និងការមិនជ្រៀតជ្រែក គំនិតផ្តួចផ្តើមនេះពង្រឹងសន្តិសុខ ក្នុងតំបន់ ដោយមិនសំដៅលើការបង្កើតប្លុកភូមិសាស្ត្រនយោបាយផ្តាច់មុខនោះទេ។ តាមរយៈការសម្របសម្រួលអាទិភាពនីតិបញ្ញត្តិ និងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយផែនការមេក្របខ័ណ្ឌស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (Master Plan on ASEAN Connectivity 2025) ក្របខ័ណ្ឌ CLV+3 អាចធានាថាការអភិវឌ្ឍអនុតំបន់នេះ នឹងបំពេញបន្ថែមដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។
ការធ្វើស្ថាប័នតូបនីយកម្មរវាងគណបក្សកាន់អំណាច រដ្ឋសភា និងបណ្តាញសភា អនុញ្ញាតឱ្យកម្ពុជា ឡាវ និងវៀតណាម បង្កើតនិម្មាបនកម្មការទូតថ្មីមួយប្រកបដោយតម្លាភាព។ ការសម្របសម្រួលនេះនឹងពង្រឹងភាពប្រាកដប្រជាផ្នែកច្បាប់ ធ្វើឱ្យប្រព័ន្ធសម្រួលពាណិជ្ជកម្មមានភាពស៊ីសង្វាក់គ្នា និងកសាងការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថលដ៏សំខាន់នៅតាមតំបន់ព្រំដែនរួមគ្នា។ បន្ថែមពីនេះ ការលើកកម្ពស់ការផ្លាស់ប្តូរយុវជនក្នុងចំណោមថ្នាក់ដឹកនាំបក្សវ័យក្មេង និងការពង្រីកការតភ្ជាប់រវាងប្រជាជននិងប្រជាជន បានប្រែក្លាយតំបន់ព្រំដែនទៅជាច្រករបៀងដ៏រស់រវើកនៃវិបុលភាពរួមគ្នា។
ការកើនឡើងនៃចល័តភាព និងការចូលរួមរបស់សហគមន៍ កសាងទំនុកចិត្តនយោបាយរយៈពេលវែង អាចជួយទប់ស្កាត់បទល្មើសឆ្លងដែន និងពង្រឹងអភិបាលកិច្ចរួមគ្នាលើធនធាននៅតាមបណ្តោយទន្លេមេគង្គជាដើម។ តាមរយៈការធ្វើបែបនេះ ក្របខ័ណ្ឌនេះអាចជួយរក្សាទឹកប្រាក់ជាង ១៤ប៊ីលានដុល្លារ ដែលកើតចេញពីពាណិជ្ជកម្មឆ្លងដែនរួមគ្នា និងការវិនិយោគទុនធំៗរវាងប្រទេសទាំងបី ខណៈពេលដែលធានាថាការលូតលាស់របស់អនុតំបន់នៅតែមានបរិយាបន្ន មានភាពធន់ផ្នែកសង្គម-សេដ្ឋកិច្ច និងស្របគ្នាដោយពេញលេញ ស្របទៅនឹងចក្ខុវិស័យពហុភាគីដ៏ទូលំទូលាយរបស់អាស៊ាន៕


