FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរាយការណ៍៖ ទីតាំងផលិត និងចែកចាយជីគ្មានស្លាកយីហោច្បាស់លាស់ បង្កក្លិនស្អុយខ្លាំង នៅស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ (Video inside)

04-11-2026 14:56

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ បានរាយការណ៍ថា មានទីតាំងមួយកន្លែងដែលផ្តោតលើការផលិត និងចែកចាយជីសរីរាង្គ ជីគីមី រួមទាំងធាតុចូលកសិកម្មផ្សេងៗទៀត និងគ្មានស្លាកយីហោច្បាស់លាស់ បានបង្កក្លិនស្អុយខ្លាំង ប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិជុំវិញ។ ពលរដ្ឋសង្ស័យថា សកម្មភាពផលិតនៅទីតាំងនេះ មិនបានអនុវត្តតាមស្តង់ដារបរិស្ថាន។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលើស្ថិតនៅក្នុងព្រៃ និងមិនមានដាក់ស្លាកយីហោឱ្យបានច្បាស់លាស់ឡើយ។ តាមប្រភពរាយការណ៍ដដែលបន្ថែមថា នៅទីនោះមានសន្តិសុខយាមម្នាក់ ឬពីរនាក់ មិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូល ឬថតរូបនៅក្នុងទីតាំងនោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្លិនស្អុយពីទីតាំងនេះមានសភាពខ្លាំង ជាពិសេសនៅពេលមានខ្យល់បក់ ដោយពួកគាត់អះអាងថា ក្លិនអាចសាយភាយទៅចម្ងាយរាប់សិបគីឡូម៉ែត្រ។ ពួកគាត់បន្តថា នៅពេលស្ថិតនៅជិត ឬធ្វើដំណើរឆ្លងកាត់ទីតាំងនោះ ក្លិនស្អុយធ្វើឱ្យពិបាកដកដង្ហើម។

ប្រជាពលរដ្ឋស្នើសុំឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងក្រសួងបរិស្ថាន ចុះពិនិត្យជាបន្ទាន់ ដើម្បីបញ្ជាក់ពីស្ថានភាពជាក់ស្តែង និងចាត់វិធានការដោះស្រាយតាមសមត្ថកិច្ច៕