FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុអ្វី សម រង្ស៊ី ធ្វើលិខិតស្នើលោក ម៉ាក្រុង មិនឱ្យមកប្រទេសកម្ពុជាក្នុងកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង?

04-11-2026 14:54

(ភ្នំពេញ)៖ ការដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង លើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់កម្ពុជាបង្ហាញពីអត្តសញ្ញាណជាតិ សមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ សក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងតួនាទីរបស់ខ្លួនក្នុងសហគមន៍អន្តរជាតិ។

ស្របពេលដែលប្រទេសជាតិកំពុងត្រៀមខ្លួនទទួលភ្ញៀវអន្តរជាតិ ក៏មានការលើកឡើងរបស់លោក សម រង្ស៊ី ដែលចង់ឱ្យប្រធានាធិបតីបារាំង លោក Emmanuel Macron ពិចារណាមិនមកចូលរួមដោយផ្ទាល់ និងឱ្យបញ្ជូនតំណាងរដ្ឋមន្ត្រីជំនួស។ សំណួរដែលសង្គមគួរពិចារណាថា តើសកម្មភាពបែបនេះមានផលប៉ះពាល់អ្វីខ្លះដល់ប្រទេសជាតិ? តើការប្រកួតប្រជែងនយោបាយអាចត្រូវបានដាក់ឱ្យធំជាងផលប្រយោជន៍រួមរបស់ប្រជាជាតិដែរឬទេ?

ខាងក្រោមនេះ យើងនឹងលើកយកគំនិតអត្តទត្ថបុគ្គល៥ចំណុចដែលលោក សម រង្ស៊ី មានចេតនាអាក្រក់មកលើប្រជាជនននិងប្រទេសជាតិខ្មែរដូចតទៅ៖

១. ផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ៖ ការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយ គឺជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេសម្ចាស់ផ្ទះក្នុងការពង្រឹងទំនាក់ទំនងការទូត ទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលការទូតរបស់ខ្លួន។

ការចូលរួមរបស់ប្រធានាធិបតីបារាំង ដែលជាប្រមុខរដ្ឋមហាអំណាចមួយក្នុងសហគមន៍ហ្វ្រង់កូហ្វូនី មានសារៈសំខាន់ចំពោះទំនាក់ទំនងកម្ពុជាបារាំង។ ការជំរុញឱ្យមេដឹកនាំបរទេសបន្ថយកម្រិតការចូលរួម អាចបង្កើតផលប៉ះពាល់ដល់ឱកាសការទូត និងកិច្ចសហប្រតិបត្តិការដែលប្រទេសជាតិអាចទទួលបាន។

ទោះបីជាការរិះគន់រដ្ឋាភិបាលជាសិទ្ធិនយោបាយក៏ដោយ ក៏គួរតែមានការពិចារណាឱ្យបានហ្មត់ចត់ថា តើវិធីសាស្ត្រដែលប្រើប្រាស់នោះនឹងផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាជន និងប្រទេសជាតិសព្វថ្ងៃ។

២. ប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរប្រជាជាតិ៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាកិត្តិយសរបស់កម្ពុជាទាំងមូល មិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយឡើយ។ កិច្ចការនេះគឺជាឱកាសដែលប្រទេសមួយទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងបង្ហាញថា កម្ពុជាមានសមត្ថភាពចូលរួមក្នុងកិច្ចការពិភពលោក។

ការជំរុញឱ្យប្រមុខរដ្ឋបរទេសមិនឱ្យមកចូលរួមក្នុងព្រឹត្តិការណ៍ដែលប្រទេសម្ចាស់ផ្ទះបានត្រៀមរៀបចំ វាអាចធ្វើឱ្យកិត្តិយសនៃព្រឹត្តិការណ៍នេះរងផលប៉ះពាល់។ បញ្ហានយោបាយក្នុងស្រុកគួរត្រូវបានដោះស្រាយតាមយន្តការសមស្រប ដោយមិនគួរធ្វើឱ្យកិត្តិយសរបស់ប្រទេសទាំងមូលក្លាយជាចំណុចរងគ្រោះនៃការប្រកួតប្រជែងនយោបាយឡើយ។ ត្រូវចងចាំថា កិត្តិយសជាតិ គឺជាកិត្តិយសរួមរបស់ប្រជាជនខ្មែរគ្រប់រូប មិនថាពួកគេមាននិន្នាការនយោបាយខុសគ្នាយ៉ាងណាក៏ដោយ។

៣. គំនុំផ្ទាល់ខ្លួននិងការប្រកួតប្រជែងនយោបាយជាមួយប្រមុខដឹកនាំបច្ខុបន្ន៖ ក្នុងនយោបាយកម្ពុជា ជម្លោះរវាងលោក សម រង្ស៊ី និងក្រុមអ្នកដឹកនាំបច្ចុប្បន្ន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន គឺជាបញ្ហាដែលមានប្រវត្តិយូរអង្វែង។ ទោះជាយ៉ាងណា ការវិភាគលើសកម្មភាពនយោបាយមួយៗ មិនគួរប្រញាប់សន្និដ្ឋានថា ជាការសងសឹក ឬគំនុំផ្ទាល់ខ្លួន ដោយគ្មានភស្តុតាងបញ្ជាក់ចេតនានោះទេ។ ប៉ុន្តែសង្គមមានសិទ្ធិសួរថា ហេតុអ្វីបានជាការប្រកួតប្រជែងជាមួយអ្នកដឹកនាំក្នុងស្រុក ត្រូវបាននាំទៅភ្ជាប់ជាមួយការអំពាវនាវទៅកាន់ប្រមុខរដ្ឋបរទេស ក្នុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់?

ប្រសិនបើការប្រកួតប្រជែងនយោបាយផ្តោតលើការប្រឆាំងបុគ្គលជាជាងការដាក់ចេញដំណោះស្រាយសម្រាប់ជាតិ នោះអាចធ្វើឱ្យផលប្រយោជន៍សាធារណៈត្រូវបានគ្របដណ្ដប់ដោយជម្លោះនយោបាយ។ អ្នកនយោបាយគ្រប់រូបគួរតែបង្ហាញឱ្យប្រជាពលរដ្ឋឃើញថា ការតស៊ូនយោបាយរបស់ខ្លួនមានគោលដៅដោះស្រាយបញ្ហាជាតិ មិនមែនគ្រាន់តែជាការប្រឆាំងនឹងបុគ្គលណាម្នាក់នោះទេ។

៤. ហានិភ័យបណ្ដាលមកពីការបញ្ឆេះកំហឹង និងការបែកបាក់ក្នុងសង្គមជាតិ៖ ប្រជាជនខ្មែរមានមោទនភាពចំពោះប្រទេសកំណើត និងចង់ឃើញប្រទេសជាតិទទួលបានការគោរពពីអន្តរជាតិ។

នៅពេលមានសកម្មភាពនយោបាយដែលត្រូវបានយល់ថាជាការរារាំងឱកាសការទូតរបស់ប្រទេស គឺបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការមិនពេញចិត្ត និងកើតមានការរិះគន់យ៉ាងខ្លាំង។ បើការឆ្លើយតបតាមបណ្ដាញសង្គមប្រែក្លាយទៅជាការប្រមាថ ជេរប្រទេច និងស្អប់ខ្ពើមគ្នារវាងខ្មែរនិងខ្មែរ នោះបញ្ហានឹងរឹតតែធ្ងន់ធ្ងរ។ យើងត្រូវបែងចែកឱ្យច្បាស់រវាងការរិះគន់សកម្មភាពនយោបាយ និងការវាយប្រហារលើបុគ្គល ឬក្រុមមនុស្ស។

ការស្រលាញ់ជាតិមិនគួរត្រូវបានប្រើជាលេសសម្រាប់ស្អប់ខ្ពើមគ្នាឡើយ។ ផ្ទុយទៅវិញ យើងគួរប្រើហេតុផល ភស្តុតាង និងការពិភាក្សាដោយសន្តិវិធី ដើម្បីការពារផលប្រយោជន៍រួម។ អ្វីដែលកម្ពុជាត្រូវការបំផុត គឺឯកភាពជាតិលើផលប្រយោជន៍សាធារណៈ ទោះបីមានភាពខុសគ្នាខាងនយោបាយក៏ដោយ។

៥. ផលប៉ះពាល់ដល់មុខមាត់ និងតម្លៃរបស់ប្រជាជាតិខ្មែរនៅសហគមន៍អន្តរជាតិ៖ នៅក្នុងទំនាក់ទំនងអន្តរជាតិ មុខមាត់របស់ប្រទេសមួយមិនត្រូវបានកំណត់ត្រឹមតែសមត្ថភាពរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែក៏អាស្រ័យលើឥរិយាបថ និងការទទួលខុសត្រូវរបស់តួអង្គនយោបាយ ស្ថាប័ន និងប្រជាពលរដ្ឋផងដែរ។

ការអំពាវនាវទៅកាន់មេដឹកនាំបរទេសឱ្យបន្ថយកម្រិតនៃការចូលរួមក្នុងព្រឹត្តិការណ៍របស់ប្រទេសខ្លួន នឹងបង្កើតការយល់ឃើញខុសៗគ្នានៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ការលើកឡើងពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ក៏ជាប្រធានបទស្របច្បាប់ដែលសហគមន៍អន្តរជាតិមានសិទ្ធិពិភាក្សា និងតាមដានផងដែរ។

កម្ពុជាគួរបង្ហាញសមត្ថភាពក្នុងការទទួលយកការរិះគន់ដោយមានហេតុផល និងឆ្លើយតបតាមការពិត។ ក្នុងពេលជាមួយគ្នា តួអង្គនយោបាយខ្មែរគ្រប់ភាគីក៏គួរពិចារណាផងដែរថា តើសកម្មភាពរបស់ខ្លួនកំពុងជួយពង្រឹងឬធ្វើឱ្យខ្សោយដល់ការជឿទុកចិត្តលើកម្ពុជានៅលើឆាកអន្តរជាតិ។

តម្លៃរបស់ប្រជាជាតិមួយ មិនអាចត្រូវបានវាស់វែងតាមជម្លោះរបស់អ្នកនយោបាយតែពីរបីនាក់ឡើយ ប៉ុន្តែត្រូវវាស់វែងតាមសមត្ថភាពរួមក្នុងការកសាងសន្តិភាព ការអភិវឌ្ឍ និងការគោរពគ្នាទៅវិញទៅមក៕