សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោក កំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង UNFPA បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ឌិភាព និងទទួលមានលទ្ធផលជាទីមោទនៈ
04-11-2026 14:11
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបិទជាផ្លូវការនូវគម្រោង «សុខភាពបន្តពូជ និងសិទ្ធិ និងការលើកកម្ពស់យន្តការសម្របសម្រួលដំណើរការស្នើសុំរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែលភូគីត្រា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំង លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីប្រជាជន (UNFPA) ប្រចាំកម្ពុជា ផងដែរ។
តាមការលើកឡើងរបស់លោកស្រី មៀច សុធារី អគ្គលេខាធិការសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អំពីសកម្មភាពការងារ រយៈពេល ៣ឆ្នាំ បានបង្ហាញថា សមាគមនារីបានជួយដល់ស្ត្រី បម្រើការនៅសេវាកម្សាន្តប្រមាណ ២០,០០០នាក់ បានទទួលចំណេះដឹងពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសេវាពន្យារកំណើត និងការទទួលបានប័ណ្ណសុខភាព៖ ដោយសមាគមនារីបានសហការសម្របសម្រួលចុះឈ្មោះស្ត្រីស្នើសុំប័ណ្ណថែទាំសុខភាពបានចំនួន ៣,៨៩៣នាក់ និងទទួលបានប័ណ្ណរួចរាល់ចំនួន ២,១៣៤នាក់ (រួមមានប័ណ្ណ ម.ស.ស, ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណក្រីក្រ)។
ឆ្លៀតក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់អាទិភាពលើវិស័យគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយក្នុងនោះ ការអភិវឌ្ឍធនធានមនុស្ស គឺជាចំណុចស្នូលដ៏មានសារៈសំខាន់បំផុត។
ទន្ទឹមនោះ សមាគមនារី និងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ឌិភាព និងទទួលមានលទ្ធផលជាទីមោទនៈ បើទោះបីជា យើងកំពុងរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ្រស្មាញ នៃសភាពការណ៍អន្តរជាតិនិងឥទ្ធិពលពីសង្គ្រាមរុស្សី-អ៊ុយក្រែន សង្ក្រាមនៅមជ្ឈឹមបូព៌ា ពិសេសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាព ទឹកដីកម្ពុជាយ៉ាងណាក្តី។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍គន្លឹះចំនួន ៥ចំណុចដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជំរុញឱ្យស្ត្រីក្នុងវិស័យនេះ ទទួលបានរបបថែទាំសុខភាពដោយស្មើភាព និងគ្មានការរើសអើង។
បន្តអនុវត្តសេវាផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ ពង្រឹងភាពជាដៃគូ រវាងរដ្ឋ មូលដ្ឋាន អង្គការសង្គមស៊ីវិល និងម្ចាស់គ្រឹះស្ថានផ្ទាល់។ ចែករំលែកព័ត៌មាន លើកទឹកចិត្តឱ្យមានការរាយការណ៍ពីបញ្ហាប្រឈមនានា ដើម្បីដោះស្រាយទាន់ពេលវេលា និងសំណូមពរដល់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្តឧបត្ថម្ភ ដល់អង្គការក្នុងស្រុក ដើម្បីដំណើរការគម្រោងសុខភាពបន្តពូជ និងការប្រយុទ្ធប្រឆាំងជំងឺអេដស៍បន្តទៀត៕



























