FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ និងកោតសរសើរវីរភាពដ៏ធំធេងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសខួបចម្រើនជន្មាយុ

04-11-2026 14:06

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ និងសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេច នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសារលិខិត, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី តាងនាមឱ្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានធ្វើពលិកម្មយ៉ាងធំធេងទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅបំផុត ដើម្បីបុព្វហេតុ «ជាតិ សាសនា ព្រះមហាក្សត្រ»។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា សម្តេចពិជ័យសេនា បានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈការកសាងគ្រឹះសន្តិភាព ស្ថិរភាពនយោបាយ ការលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខដុមរមនា សេចក្តីចម្រើនរុងរឿងទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដោយរក្សាបាននូវកិត្យានុភាពជាតិល្បីរន្ទឺសុសសាយនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរតរៀងទៅ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕