ច្រក VVIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំ មកចូលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
04-11-2026 13:31
(កណ្ដល)៖ អគារអ្នកដំណើរពិសេស (VVIP Terminal) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗ មកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រោយបញ្ចប់ពិធីឆ្លងព្រះភូមិ និងប្រោះព្រំ នៅអគារ VIP ថ្មី នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក បានបញ្ជាក់ថា «យើងនឹងដាក់ដំណើរការ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ថ្ងៃដែលទទួលស្វាគមន៍ភ្ញៀវ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី»។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្នុងបរិបទហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ត្រូវបានពិពណ៌នាតាមទស្សនវិស័យស្ថាបត្យកម្ម ដែលបញ្ចូលភាពថ្លៃថ្នូរនៃសិល្បៈខ្មែរ ជាមួយបច្ចេកវិទ្យា និងមុខងារប្រើប្រាស់សម័យទំនើប។
លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អគារនេះ មានគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅសម្រាប់ការទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។
តាមការពិពណ៌នាផ្នែករចនា អត្តសញ្ញាណស្ថាបត្យកម្ម ត្រូវបានបង្ហាញតាមរយៈធាតុផ្សំសំខាន់ៗ ចំនួនប្រាំ៖
១៖ រចនាបថដំបូល
ទម្រង់ដំបូលកោងឡើងចុះ និងការលើកសង្កត់តំបន់កណ្ដាល បង្កើតចង្វាក់ស្ថាបត្យកម្ម ដ៏សម ស្រប។ ការរចនាបថនេះ អាចបកស្រាយថាបានទទួលការបំផុសគំនិតពីដំបូលប្រាសាទ និង សាលាបុរាណខ្មែរ ដោយឆ្លុះបញ្ចាំងភាពថ្លៃថ្នូរ និងអត្តសញ្ញាណវប្បធម៌ជាតិ។
២៖ ទម្រង់ និងសមាមាត្រអគារ
ទម្រង់ផ្ដេកវែង ការរៀបចំផ្នែកកណ្ដាល និងស្លាបអគារសងខាងយ៉ាងស៊ីសង្វាក់គ្នា ជួយបង្កើត សមតុល្យ ភាពទូលាយ និងចរាចរណ៍ក្នុងអគារដែលមានរបៀបរៀបរយ។
៣៖ សម្ភារៈ ពណ៌ និងពន្លឺធម្មជាតិ
ស្រមោលពណ៌ត្នោតក្រហមរំលឹកដល់ដីឥដ្ឋ និងថ្មបាយក្រៀមក្នុងសំណង់បុរាណខ្មែរ ខណៈផ្ទៃ កញ្ចក់ធំ និងសម្ភារៈទំនើបបញ្ជាក់ពីការរីកចម្រើន។ ការជ្រើសរើសសម្ភារៈ ត្រូវបានគិតគូរ ពី ភាពធន់កម្ដៅ សំណើម និងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល សមស្របនឹងអាកាសធាតុតំបន់ត្រូពិច។
៤៖ ទេសភាព ទឹក និងបរិស្ថានធម្មជាតិ
ស្រះទឹកខាងមុខអគារ សួនច្បារ និងរុក្ខជាតិបៃតង អាចជួយបង្កើតទេសភាពស្ងប់ស្ងាត់ និង ភាពសុខដុម។ ការប្រើប្រាស់ទឹកត្រូវពិចារណាការថែទាំ ការបង្ហូរទឹក និងការគ្រប់គ្រងហានិភ័យ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការអាកាសយានដ្ឋាន រួមទាំងការទាក់ទាញសត្វស្លាប។
៥៖ លំហខាងក្នុង និងសិល្បៈតុបតែងក្នុងអាគារ
ការរៀបចំសាល VVIP ផ្លូវដើរ និងបន្ទប់ទទួលភ្ញៀវ បានបញ្ចូលចម្លាក់លៀន លើជញ្ជាំងតាំងរូបចំលាក់ប្រវត្តិសាស្រ្ត និងស្នាដៃសិល្បៈប្រវត្តិសាស្ត្រខ្មែរ ដើម្បីផ្តល់បទពិសោធន៍ក្នុងការទទួល បដិសណ្ឋារកិច្ច ដែលមានអត្តសញ្ញាណជាតិ ព្រលឹងខ្មែរ និងប្រកបដោយថាមវ័ន។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេស និយាយ ភាសា បារាំង រួមទាំងលោក អេម៉នូអែល ម៉ាក្រុង ប្រទេសធិបតីបារាំង។
ក្រៅពីកិច្ចប្រជុំកំពូលហើយនោះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech)។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញ ពីសក្តា នុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួន ទៅកាន់ពិភពលោក៕


























