មជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឈានដល់ដំណាក់កាលបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦
04-11-2026 13:25
(ក្រចេះ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការដៃគូចុះពិនិត្យសម្ភារៈបរិក្ខារសម្រាប់បំពាក់នៅមជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលមានទីតាំងនៅទីស្នាក់ការប៉ុស្តិ៍ឆ្មាំអភិរក្សសត្វផ្សោតអន្លង់កាំពី ខេត្តក្រចេះ បន្ទាប់ពីសម្ភារៈសំខាន់ៗត្រូវបានដឹកជញ្ជូនមកដល់។
មន្ត្រីជាន់ខ្ពស់រូបនេះ បានណែនាំឱ្យក្រុមការងារពន្លឿនការដំឡើងកាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដោយយកចិត្តទុកដាក់លើគុណភាព និងប្រសិទ្ធភាពបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងតាមដានការអភិរក្សសត្វផ្សោត មុនដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦។
នៅពេលដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធនេះនឹងជួយតាមដានសកម្មភាពក្នុងតំបន់អភិរក្ស តាមរយៈការបញ្ជូនរូបភាព និងព័ត៌មានមកកាន់បញ្ជាការដ្ឋាន ដើម្បីគាំទ្រដល់ការងាររបស់កម្លាំងឆ្មាំទន្លេ ដែលជាកម្លាំងជួរមុខក្នុងការការពារសត្វផ្សោត។ ព័ត៌មានទាំងនេះនឹងជួយឱ្យការកំណត់ទីតាំងហានិភ័យ ការរៀបចំផែនការល្បាត និងការឆ្លើយតបចំពោះបទល្មើសនេសាទ កាន់តែមានភាពរហ័ស ចំគោលដៅ និងសន្សំសំចៃធនធាន។
គួរបញ្ជាក់ថា គម្រោងនេះទទួលបានការគាំទ្រពីអង្គការ WWF និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើទំនើបកម្មការងារអភិរក្សជលផល ពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ និងការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ឱ្យបានគង់វង្សយូរអង្វែង៕









