FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តសមាគម CAJ ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងតួនាទីជាស្ពានភ្ជាប់កម្ពុជា-ជប៉ុន ក្នុងទិសដៅទាក់ទាញការវិនិយោគ

04-11-2026 13:10

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) នៅទីស្ដីការក្រសួង ដើម្បីពិភាក្សាការងារ បង្ហាញពីចក្ខុវិស័យ បេសកកម្ម និងទិសដៅការងាររបស់សមាគម CAJ ក្នុងការរួមចំណែកដល់ការតភ្ជាប់កម្ពុជា និងជប៉ុនលើការវិនិយោគ ភាពជាដៃគូធុរកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនខ្មែរនៅប្រទេសជប៉ុន។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះលោក ហៃ វណ្ណា ដែលផ្តួចផ្តើមរៀបចំបង្កើតសមាគមដ៏សំខាន់មួយនេះឱ្យក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសជួយទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា ជាក់ស្ដែងសមាគម CAJ ក៏បានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាការងាររវាងក្រសួង និងក្រុមហ៊ុន TOKO Electrical Construction Co., Ltd. នាថ្ងៃនេះផងដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថា ការចុះបញ្ជីសមាគមជាអង្គការមិនមែនរដ្ឋាភិបាល (NPO) ស្របច្បាប់នៅជប៉ុន គឺជាសមិទ្ធផលសំខាន់ដែលជួយបង្កើនភាពជឿជាក់ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហការជាមួយសហគមន៍ និងប្រជាជនជប៉ុន។ សមាគមអាចដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន និងសម្របសម្រួលដល់អ្នកវិនិយោគិនជប៉ុនដែលមានបំណងមកទស្សនកិច្ច និងឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនាមជារៀមច្បង លោកបានកត់សម្គាល់ថា ការធ្វើការជាមួយភាគីជប៉ុន គឺត្រូវការ “ពេលវេលា ភាពច្បាស់លាស់ ភាពស្មោះត្រង់ និងតម្លាភាព” ដូច្នេះសមាគមមិនគួររំពឹងទទួលបានលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែត្រូវបន្តកសាងទំនាក់ទំនង និងទំនុកចិត្តជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ សមាគមក៏គួរតែពង្រីកកិច្ចសហការជាមួយអ្នកនយោបាយ សមាជិកសភាទាំងថ្នាក់មូលដ្ឋាន ក្រុង ស្រុក និងរដ្ឋបាលថ្នាក់តំបន់របស់ជប៉ុនផងដែរ។ ម្យ៉ាងទៀតត្រូវបន្តអភិវឌ្ឍសមត្ថភាព និងពង្រីកបណ្តាញទំនាក់ទំនង ដើម្បីសម្រេចគោលដៅក្លាយជាស្ពានតភ្ជាប់ជប៉ុន និងកម្ពុជា ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ហៃ វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបសម្តែងការគួរសម ជម្រាបជូនពីចក្ខុវិស័យ និងទិសដៅការងារនៃសមាគម ជាពិសេសទទួលបានអនុសាសន៍ល្អៗ ដើម្បីរួមចំណែកធ្វើឱ្យសមាគមមានដំណើរការរលូនក្នុងការជួយសហគមន៍ខ្មែរនៅជប៉ុន លើកទឹកចិត្តឱ្យបងប្អូនខ្មែរបន្តរក្សាអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីខ្មែរឱ្យបានល្អ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ កម្មវិធីអប់រំ ព្រមទាំងការជួយគាំទ្របងប្អូនខ្មែរដែលជួបបញ្ហានានា។ សមាគម CAJ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីឱ្យទទួលបានផ្លែផ្កា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា៕