FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ (Video inside)

04-11-2026 12:53

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានលើកឡើងថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ​នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយ​សត​វត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើក​កម្ពស់​អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនគួរប្រើរូបមន្ដ ដូចកាណាដានោះទេ ដែលថារំលាយស្ថាប័ន បណ្តាល័យជាតិ និងបណ្ណសារជាតិ ចូលតែមួយនោះទេ ដោយយើងរក្សា២ដាច់ពីគ្នាដដែល គ្រាន់តែគ្រប់គ្រងរដ្ឋបាល ជួយមើលពីលើ»។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានគណៈកម្មាធិការអន្ដរក្រសួង ទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្ម បណ្ណសារជាតិ និងបណ្តាល័យជាតិ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត។

បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឲ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការសិក្សាស្រាវជ្រាវ។

សម្ដេចបវរធិបតី បានបន្ថែមទៀតថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ, អធិបតេយ្យភាព និងបូរណភាពទឹកដី៕