FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តិសាវតារជាតិ (Video inside)

04-11-2026 11:57

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។

ក្នុងឱកាសអញ្ជើញបើកកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាស ព្រោះបានធ្វើឱ្យកុលបុត្រខ្មែរបានដឹងពីប្រវត្តិសាវតាររបស់ជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ធនាគារជាតិផ្ទុកមាស ប៉ុន្ដែបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ផ្ទុកមាសដែលមានតម្លៃជាងមាសដុំ នេះគឺជាការពិត ព្រោះប្រទេសជាតិមួយត្រូវមានឫសកែវដែលអ្នកស្រាវជ្រាវត្រូវថែរក្សា»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចបានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឲ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបបញ្ជាក់ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឲ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិ បាន ក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្ត សញ្ញាណ ជាតិ, អធិបតេយ្យភាព និងបូរណភាពទឹកដី។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែល ជា ទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ ដែលមានប្រភព ច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រ ដល់ ការ សិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ។ ជាក់ស្ដែងករណី ប្រាសាទព្រះវិហារ ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌ ប្រវត្តិសាស្តច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យថែរក្សាឯកសារ បណ្ណសារ ដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ និងការអភិវឌ្ឍ សមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃលើសពីវិស័យវប្បធម៌ ដោយអាចរួម ចំណែក ដល់ការការពារផលប្រយោជន៍ជាតិរយៈពេលវែង៕