FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

04-11-2026 11:00

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ប្រព្រឹត្តទៅក្រោមប្រធានបទ «មួយ​សត​វត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើក​កម្ពស់​អត្តសញ្ញាណជាតិ» ដើម្បីជាឱកាសរំលឹកដំណើរ​របស់ស្ថាប័នថែរក្សាមរតកឯកសារ និង​បង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យ​បណ្ណ​សារក្លាយជាចំណេះដឹង​ដែល​អាច​​សិក្សា និងប្រើប្រាស់បាន។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខណៈដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦
ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍ នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការ​រំលឹក​អនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះ​បញ្ចាំង​ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ថែរក្សា និង ធ្វើទំនើបកម្ម មរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់ជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេលមួយខែពេញ និងជាសក្ខីភាពដែលឆ្លុះបញ្ចាំង​អំពីស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការថែរក្សាកេរ​មរតកឯកសារ បណ្ណសារ និង​បណ្ណ​សារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និង ជាខ្សែច្រវាក់នៃការចងចាំ របស់ជាតិ មិនឱ្យបាត់បង់
ឬខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតស្ថាប័ននេះ​ផ្តើមចេញ​ពី​កង្វល់របស់លោក អាល់ប៊ែរ សារ៉ូត៍ (Albert Sarraut) អគ្គទេសាភិបាលឥណ្ឌូ​ចិនបារាំង​សែស ចំពោះគុណភាពឯកសាររដ្ឋបាលដែលកំពុងកើនឡើងជាលំដាប់, ទើបធ្វើឱ្យលោក លើកឡើងនូវកិច្ចការសំខាន់ចំនួន៤ ដែលត្រូវតែធ្វើជាចាំបាច់ ដើម្បីថែរក្សាឯកសារ​រដ្ឋបាល​ទាំងនេះ៖ ទី១. ប្រមូលផ្តុំឯកសារ និង បំផ្លាញឯកសារដែលគ្មានតម្លៃ, ទី២. រក្សាទុក​នូវ​ឯក​សារដែលមានតម្លៃ, ទី៣. បង្កើតអគារពិសេស ដើម្បីរក្សាទុកឯកសារក្នុងលក្ខខណ្ឌ និង បរិស្ថានល្អ និងទី៤. រៀបចំប្រព័ន្ធចំណាត់ថ្នាក់គ្រប់គ្រងឯកសារ ដើម្បីបញ្ចូល​ឯកសារ​ថ្មី​ទៅក្នុងបណ្ណសារដ្ឋាន។ ផ្តើមចេញពីការព្រួយបារម្ភនេះហើយ ទើបធ្វើឱ្យកម្ពុជា​ចាប់ផ្ដើមមានប្រព័ន្ធគ្រប់គ្រង និងថែទាំឯកសារទំនើបបែប​លោក​ខាងលិចនេះឡើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាមានប្រពៃណីនៃការកត់ត្រា និងថែរក្សាទុកឯកសាររបស់ខ្លួនតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីមុន​សម័យ​អង្គរ ហើយបុព្វបុរសខ្មែរបានបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ ភស្តុតាងនៅ​សម័យ​មុនអង្គរ និងសម័យអង្គរ បានឱ្យដឹងថា ប្រជាជនខ្មែរសម័យបុរាណមាន​ប្រពៃ​ណីកត់​ត្រា​នៅលើសម្ភារៈច្រើនប្រភេទ ដូចជា ស្លឹករឹត ក្រាំង និង ផ្នត់ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមាន​កេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមាន​ចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយក​ម្ពុជា​​ក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់​អាស៊ីអា​គ្នេយ៍។

* សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារដែលត្រូវបានចងក្រង និងរក្សាទុកទាំងនោះ គឺជាប្រភេទឯកសារប្រវត្តិសាស្ត្រ និង រាជការ, ឯកសារគតិយុត្ត និង រដ្ឋបាល, ឯកសាររូបថត និង ផែនទី, ឯកសារប្លង់ដី, ឯកសារសេដ្ឋកិច្ច និង សារពើភ័ណ្ឌ, និង ឯកសារសាសនា និង ក្បួនច្បាប់ ដែលត្រូវបានសរសេរជាភាសាខ្មែរបុរាណ ភាសាសំស្ក្រឹត និងភាសាបាលី ជាដើម ដែលនេះសុទ្ធសឹងជាតឹកតាងយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរសម័យបុរាណ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់តាំងពីបង្កើតអស់រយៈពេល ១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិនេះបានឆ្លងកាត់របត់ និងព្យុះភ្លៀងប្រវត្តិសាស្ត្រ​ជាច្រើន, ជាពិសេស ក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ ស្ថាប័ននេះត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និង បំផ្លិចបំផ្លាញឯកសារជាច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាមួយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយរបស់ «អ្នកថែរក្សាការចងចាំ» របស់ជាតិ ពោលគឺមន្ត្រីទទួលបាន​ការបណ្តុះបណ្តាលថ្មីនៅក្រោយសង្គ្រាម, បានពុះពារប្រមូលផ្ដុំ និងរៀបចំឯកសារបណ្ណសារ​ឡើងវិញពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិ បាន​ក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្ត​សញ្ញាណ​ជាតិ, អធិបតេយ្យភាព និងបូរណភាពទឹកដី។ តាមរយៈមុខងារបណ្ណសារដ្ឋានជាតិ ដែល​ជា​ទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ​ដែលមានប្រភព​ច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រ​ដល់​ការ​សិក្សា ការកំណត់ជំហរផ្លូវច្បាប់ និង ការការពារផលប្រយោជន៍ជាតិ។ ជាក់ស្ដែងករណី​ប្រាសាទព្រះវិហារ ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌ ប្រវត្តិសាស្តច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែរក្សាឯកសារ​បណ្ណសារ​ដោយ​មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ, ការធានាភាពពិតប្រាកដនៃឯកសារ និងការអភិវឌ្ឍ​សមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃលើសពីវិស័យវប្បធម៌ ដោយអាចរួម​ចំណែក​ដល់ការការពារផលប្រយោជន៍ជាតិរយៈពេលវែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់​អត្ត​សញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវ​ជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជា​បាន​និង​កំពុងជួបបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺឯកសារបណ្ណសារប្រវត្តិសាស្ត សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុង​ការ​អះអាង និងការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខ្សែបន្ទាត់ព្រំដែន​ស្រប​ច្បាប់ របស់​កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​បារាំង​ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការស្កេនធ្វើឌីជីតូបនីយកម្មបណ្ណសារ មិនត្រឹមតែ​ជា​ការតភ្ជាប់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានការពារអធិបតេយ្យភាពជាតិយ៉ាងពិត​ប្រា​កដ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពិព័រណ៍នេះ គឺជាការត្រៀម​លក្ខណៈ​ដ៏មានសារៈសំខាន់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូល​ហ្វ្រង់​កូហ្វូនី ឆ្នាំ២០២៦» ដែលជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីកិត្យានុភាពជាតិ វប្បធម៌ដ៏ឧត្តុង្គឧត្តម លើកកម្ពស់ការទូតវប្បធម៌ និង ការប្តេជ្ញាចិត្តខ្ពស់​ក្នុងការលើក​កម្ពស់​សន្តិភាព និងពហុភាគីនិយមនៅលើឆាកអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងបរិបទដែលពិភព​លោកកំពុង​បោះជំហានយ៉ាងលឿន ចូលទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសង្គម សេដ្ឋកិច្ច​ឌីជីថល, ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រ​សេដ្ឋ​កិច្ច, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ​-ដំណាក់កាលទី១» ដែលមានគោលបំណងធំចម្បង និង យូរអង្វែងចំនួនពីរ ពីលើយុទ្ធ​សាស្ត្រ និង គោលនយោបាយ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានណែនាំឱ្យមាន​ការធ្វើ​ទំនើបកម្មបណ្ណសារដ្ឋានជាតិ, បណ្ណាល័យជាតិ និងសារមនី្ទរជាតិ ព្រមទាំងថែរក្សា និង អភិ​រក្សបេតិកភណ្ឌជាតិសំខាន់ៗដទៃទៀតក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ សម្តេច ក៏បាន​បង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដែលមាន ឧបនាយករដ្ឋ​មន្ត្រីប្រចាំការ ជាប្រធាន ដើម្បីតម្រង់ទិស សម្របសម្រួល និង ជំរុញសំដៅលើកស្ទួយអំណាចទន់របស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុ​ញការ​ធ្វើ​ទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់​ដឹងរបស់​សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋាន​ជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាស ព្រោះបានធ្វើឱ្យកុលបុត្រខ្មែរបានដឹងពីប្រវត្តិសាវតាររបស់ជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដល់អ្នកសិក្សាស្រាវជ្រាវត្រូវតែរកប្រភពឱ្យបានច្បាស់លាស់ មិនមែនពឹងផ្អែកតែហ្គូហ្គល និង AI។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការ​ធ្វើ​ទំនើប​​កម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំ​បាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្ត​របស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តសហការជាមួយក្រសួង​ស្ថានប័ន​ពាក់​ព័ន្ធ ដើម្បីជំរុញការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ណ​សារ​ដ្ឋាន ឱ្យប្រសើរឡើង តាមរយៈការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់ទាំងក្នុង និងជុំវិញ ឱ្យស័ក្តិសមជាទីតាំង នៃមោទនភាពជាតិ អត្តសញ្ញាណ និងមជ្ឈមណ្ឌលនៃការចងចាំរបស់ជាតិ។ ត្រូវកែលម្អ​អគារ​ដែលមានស្រាប់ឱ្យបានសមស្រប ដោយត្រូវមានបន្ទប់ធ្វើការ និងបន្ទប់រក្សាទុក​ឯកសារ​ត្រឹមត្រូវតាមនិយាមបច្ចេកទេស (Climate-controlled Archives), ព្រម​ទាំង រៀបចំផែនការកសាងពង្រីកអគារបន្ថែម ដែលមានលក្ខណៈជាស្ថាបត្យកម្មជាតិ សមស្របនឹងបរិស្ថានជុំវិញ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិ ឱ្យបានសមរម្យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់បង្កើតថ្នាល​បណ្ណសារឌីជីថលជាតិ (National Digital Archive Platform) ឬ បង្កើតប្រព័ន្ធ​បណ្ណ​សារ​ឌីជីថលជាតិ (National Digital Archive System) សំដៅស្កេនឯក​សារ​ចាស់ និង ឯកសាររដ្ឋបាលសំខាន់ៗ ដែលអាចរក្សាទុកជារូបភាព ឬទិន្នន័យឌីជីថល និងបង្កើត Online Access ដែលអ្នកស្រាវជ្រាវ និស្សិត និងសាធារណជន អាចស្វែងរកឯកសារ​បណ្ណសារបានងាយស្រួល ដោយមានការកំណត់ច្បាស់លាស់ក្នុងការរក្សាសុវត្ថិភាពទិន្ន​ន័យ ដើម្បីការពារព័ត៌មានសំខាន់ៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយ ក្រសួងអប់រំ យុជន និង កីឡា, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងក្រសួងប្រៃ​សណីយ៍ និង ទូរគមនាគមន៍ ដើម្បីជំរុញការពង្រឹង ពង្រីកសមត្ថភាពបុគ្គលិក និងអ្នកជំនាញ​បច្ចេក​ទេស តាមរយៈការបណ្តុះបណ្តាលបុគ្គលិកបណ្ណសារ ឱ្យមានចំណេះដឹងថ្មីៗអំពីវិទ្យា​សាស្ត្រ​បណ្ណសារ បច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យឌីជីថល ដោយសហការជាមួយ​ស្ថា​ប័នពាក់ព័ន្ធទាំងក្នុងស្រុក និងក្រៅស្រុក, ទាញយកនិស្សិត ឬមន្ត្រីមានសមត្ថភាពដែល ទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស ឱ្យមកបម្រើការនៅបណ្ណសារដ្ឋានជាតិ, ផ្សព្វ​ផ្សាយឱ្យមានការចូលរួមពីយុវជន និងនិស្សិត ក្នុងការសិក្សាលើមុខជំនាញបណ្ណសារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងជំរុញបណ្តុះបណ្តាលបន្ថែម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀនកាលពីពេលមុន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យកែលម្អសេវាកម្មរបស់បណ្ណសារដ្ឋានជាតិ តាមរយៈការបង្កើតបរិយាកាសទាក់ទាញ ដោយមិនបង្កើតបរិយាកាសតឹងរឹងពេកសម្រាប់​អ្នកប្រើប្រាស់សេវា ជាពិសេសត្រូវមានការបន្ធូរបន្ថយ និងសម្របសម្រួល ដើម្បីផ្តល់​ភាព​ងាយស្រួលដល់និស្សិត និង អ្នកស្រាវជ្រាវ ដែលបានមកប្រើប្រាស់សេវានៅបណ្ណ​សារដ្ឋានជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រីមានការសហការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន និង ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃការផ្សព្វផ្សាយដល់​សាធារណជន និងសហ​គមន៍ តាមរយៈការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ ឱ្យក្លាយជាទីតាំងសហគមន៍, និង ជាកន្លែងជួបជុំរបស់ អ្នកស្រាវជ្រាវ អ្នកសិក្សា និងសាធារណជន ដើម្បីឱ្យបណ្ណសារដ្ឋានជាតិមិនត្រឹមជាកន្លែងរក្សាឯកសារទេ ប៉ុន្តែជាទីតាំងផ្តល់ «សេវាសាធារណៈវប្បធម៌» ដែលជួយសង្គមក្នុងការអប់រំ ការចងចាំ និង ការយល់ដឹងអំពីអត្តសញ្ញាណជាតិ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រុមការងារចំពោះកិច្ច និងគ្រប់ស្ថាប័ន​ពាក់ព័ន្ធ ដែលបានខិតខំរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំនេះឡើង ប្រកបដោយ​សោ​ភ័ណ​ភាព និងខ្លឹមសារស៊ីជម្រៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់សិស្សានុសិស្ស យុវជន និស្សិត និង សាធារណជនទាំងអស់ អញ្ជើញទស្សនា និងសិក្សាស្រាវជ្រាវនៅក្នុងបរិវេណពិព័រណ៍នេះ​ឱ្យ​បានច្រើនកុះករ ដើម្បីយល់ដឹងពីតម្លៃ នៃ«ភស្តុតាងប្រវត្តិសាស្ត្រ» និង រួមគ្នា​កសាង​អនាគតលើមូលដ្ឋានគ្រឹះនៃចំណេះដឹង និង អត្តសញ្ញាណជាតិដ៏រឹងមាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៤២នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕