រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
04-11-2026 10:57
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញឱ្យដឹងថាពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដើម្បីជាគោលដៅទេសចរណ៍វប្បធម៌។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជាយើង នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារយើងពុំទាន់មាននិហិតដ្ឋាន ឬឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនមានសភាពពុកផុយ ដោយសារកត្តាអាយុកាល និងកត្តាអាកាសធាតុ។ ចំណែកឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារវិញ នៅសម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស និងធនធាន ទាំងធនធានថវិកានិងធនធានមនុស្ស។
ក្នុងស្ថានភាពនេះ និងតាមការចង្អុលបង្ហាញរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ទីស្តីការគណៈរដ្ឋមន្ត្រីបាន និងកំពុងបន្ដរៀបចំឯកសារទស្សនទានស្តីពី ក្របខណ្ឌចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់ធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិនៃកម្ពុជារយៈពេល១៥ឆ្នាំ (២០២៦-២០៤០)។ លើសពីនេះ សម្តេច ក៏បានសម្រេចអនុញ្ញាត ឱ្យធ្វើសមាហរណកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ស្ថិតក្រោមទីស្ដីការគណៈរដ្ឋមន្ត្រីតែមួយ សំដៅសម្រេចឱ្យបាននូវការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ ទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដោយមានចក្ខុវិស័យប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល តម្កល់ឯកសារ ផ្សព្វផ្សាយចំណេះដឹង ស្រាវជ្រាវ បម្រើសេវាកម្ម ដោយមានការគ្រប់គ្រងតាមស្តង់ដាអន្តរជាតិ និងរៀបចំឱ្យមានព្រឹត្តិការណ៍វប្បធម៌» ដែលទាក់ទាញសហគមន៍ សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយ (Landmark Cultural Tourism) ក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា ការសម្រេចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការច្របាច់បញ្ចូលគ្នារវាងស្ថាប័នបងប្អូនទាំងពីរនេះ គឺមានលក្ខណៈកែទម្រង់ជាយុទ្ធសាស្រ្ត ស្របតាមស្ថានភាពបច្ចុប្បន្ន ព្រោះបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពិតជាមានសារៈសំខាន់ សម្រាប់ការទ្រទ្រង់ដល់ការការពារជាតិ, ការកសាង, និងការអភិវឌ្ឍជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដោយម្ខាងមានមុខងារការពារការចងចាំ និងអត្តសញ្ញាណរបស់ជាតិពីអតីតកាល និងម្ខាងទៀតជាស្ពានចម្លងចំណេះដឹងទៅកាន់អនាគតកាល ក្នុងយុគសម័យឌីជីថល ដើម្បីបម្រើឱ្យការស្រាវជ្រាវ ការអប់រំ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យសង្គម-សេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ៕








