FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារសន្តិភាព រាងគ្រាប់មីន PMN-2 នៅសារមន្ទីរតេជោសន្តិភាព ជាជំនួយរបស់ជប៉ុន ត្រៀមសម្ពោធជាផ្លូវការ នៅដើមខែធ្នូ ឆ្នាំ២០២៦

04-11-2026 10:53

(សៀមរាប)៖ អគារសន្តិភាព ដែលមានរាងជាគ្រាប់មីន PMN-2 ដ៏ធំសម្បើមបំផុតលើពិភពលោក ស្ថិតនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អគារដ៏មានអត្ថន័យនេះ គឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) អគាររាងគ្រាប់ PMN-2 នេះ សាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើម កាលពីដើមឆ្នាំ២០២៤។

អគារនេះនឹងចំណាយថវិកាប្រមាណ២ ៧០០លានយេន ហើយនឹងក្លាយជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឱ្យដឹងច្បាស់ថា តើការស្វែងរកសន្តិភាពនៅកម្ពុជា មានការលំបាកយ៉ាងណា ? អគារនេះនឹងក្លាយជាតឹកតាងបង្ហាញ ពីការជួយរបស់ជប៉ុនមកកាន់កម្ពុជា ដើម្បីបង្ហាញពីកត្តា សន្តិភាពទៅកាន់សាកលលោក ។

សំណង់អគាររាងគ្រាប់មីន PMN-2នេះ មានទំហំ៥២ គុណ៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បាតខឿនអគារ ទំហំ ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាព ទាំងមូលប្រមាណ១៤.៨ហិកតា ដែលជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមលោក អ៊ុង រស្មី អនុប្រធាននាយកដ្ឋានរដ្ឋបាល (ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ) បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលរៀបចំដោយ JICA ថា អគារសន្ដិភាពនេះនឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងបង្ហាញភស្តុតាង សាក្សី ដែលរងគ្រោះថ្នាក់ដោយសារសង្គ្រាម និងជាកាចង់ចាំសោកវិនាសកម្មនៃសង្គ្រាមនៅកម្ពុជា។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា «សន្តិភាព» ដែលកម្ពុជារកបានមកយ៉ាងលំបាកបំផុត។

អគារសន្ដិភាព នៃសារមន្ទីរសន្តិភាព ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យអ្នកទស្សនា យល់ដឹងនូវភាពឈឺចាប់សោកស្តាយ ចំពោះការបាត់បង់ ការបែកបាក់ ទុក្ខសោកវិនាសកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ដែលប្រការទាំងនោះ អាចនាំឱ្យអ្នកទស្សនាទាំងឡាយ ស្អប់ខ្ពើមសង្គ្រាម និងទទួលស្គាល់គុណតម្លៃមហាសាលនៃ «សន្តិភាព»។

អគារសន្ដិភាពនេះដែរនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានប្រវត្តិសាស្រ្តយ៉ាងសំខាន់ ទុកសម្រាប់អប់រំយុវជនកម្ពុជាជំនាន់ក្រោយៗទៀត ហើយអគារសន្ដិភាពនេះ ក៏អាចក្លាយជាធាតុផ្សំយ៉ាងសំខាន់សម្រាប់គាំទ្រដល់វិមាន ឈ្នះ-ឈ្នះ ដែលកំពុងបង្ហាញរូបរាង និងអត្ថន័យដ៏អស្ចារ្យជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជា។

ក្នុងស្មារតីចូលរួមចំណែករក្សាការពារ និងដឹងគុណសន្តិភាព និងបន្ដផ្សព្វផ្សាយជូនសាធារណៈជនជាតិ និងអន្តរជាតិឱ្យយល់កាន់តែច្បាស់ថែមទៀត នូវការខិតខំពុះពារប្តូរផ្តាច់ និងការធ្វើពលកម្មគ្រប់បែបយ៉ាង ពេញមួយជីវិតរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាម និងបានកសាង សន្តិភាព ព្រមទាំងការឯកភាពជាតិយ៉ាងពេញលេញពិតប្រាកដសម្រាប់ ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះដែរ លោក អ៊ុង រស្មី បញ្ជាក់ថា អគារសន្ដិភាពនេះ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA គ្រោងនឹងធ្វើពិធីផ្ទេរ-ប្រគល់ឱ្យសារមន្ទីរតេជោសន្តិភាព ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរឱ្យដឹងថា ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បានសហការជាមួយស្ថានទូតជប៉ុន បានរៀបចំដំណើរទស្សនកិច្ចជូនក្រុមអ្នកសារព័ត៌មាន ស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីសិក្សាស្វែងយល់ និងរួមសហការគាំទ្រក្នុងការរៀបចំផ្សព្វផ្សាយព័ត៌មាន អំពីជំនួយនានារបស់ JICA ជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅសារមន្ទីរតេជោសន្តិភាពនាខេត្តសៀមរាប ៕