ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ បណ្ណសារដ្ឋានជាតិនៃកម្ពុជា រក្សាទុកឯកសារប្រវែង ២០០០ម៉ែត្រ ស្មើប្រមាណ ២០លានទំព័រ ឯកសារខ្លះមានអាយុកាលជាង ២០០០ឆ្នាំ ជាឯកសារកម្រមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន
04-11-2026 10:43
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានថ្លែងថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិនៃកម្ពុជាមានរក្សាទុកឯកសារសរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ (២,០០០ ម៉ែត្រ) និងបើគិតជាទំព័រស្មើនឹងប្រមាណ ២០លានទំព័រ ដែលឯកសារខ្លះ គឺជាឯកសារកម្រ និងជាច្បាប់ដើម ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា អគារបណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានសាងសង់ក្នុងសម័យអាណាព្យាបាលបារាំងនាឆ្នាំ១៩២៤ និងបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ១៩២៦ ហើយបន្តដំណើរការរហូតដល់របបប្រល័យពូជសាសន៍។ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ស្ថាប័ននេះត្រូវបានរៀបចំឱ្យដំណើរការឡើងវិញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលចងក្រង និងរក្សាទុកឯកសារពីគ្រប់ជំនាន់។
លោកបន្ថែមថា «ថ្វីត្បិតតែតួនៃអគារនេះមានចំណាស់ ១០០ឆ្នាំក្តី ក៏ប៉ុន្តែឯកសារដែលបានប្រមូលចងក្រង និងរក្សាទុកក្នុងអគារនេះ បានកត់ត្រាទុកនូវប្រវត្តិសាស្រ្ត, ដួងព្រលឹង, អត្តសញ្ញាណជាតិ និងអត្ថិភាពជាតិដែលមានអាយុកាលជាង២០០០ឆ្នាំ ក៏ដូចជាដំណើរឆ្លងកាត់នូវរបត់ប្រវត្តិសាស្រ្តរបស់ជាតិកម្ពុជាជាច្រើនដំណាក់ ទាំងភាពរុងរឿងដល់ចំណុចកំពូល និងទាំងការធ្លាក់ចុះដល់ចំណុចសូន្យ ដែលមានពេលខ្លះស្ទើរបាត់ឈ្មោះប្រទេសពីផែនទីពិភពលោក»។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅក្នុងបរិបទរដ្ឋបាលសាធារណៈទំនើប «បណ្ណសារ» មិនមែនគ្រាន់តែជាក្រដាសស្នាម ឬឯកសារចាស់ៗ ដែលត្រូវយកទៅតម្កល់ទុកក្នុងឃ្លាំងនោះឡើយ។ ផ្ទុយទៅវិញ «បណ្ណសារ» គឺជា «ការចងចាំ» របស់ជាតិ និងស្ថាប័ន, ជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការវិភាគ វាយតម្លៃ និងការសម្រេចចិត្ត ព្រមទាំងជាបទពិសោធសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
បន្ថែមពីនេះ «បណ្ណសារ» ក៏ជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ, ជាអត្តសញ្ញាណជាតិ និងមានអត្ថន័យទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ, រដ្ឋបាល, និងច្បាប់ ព្រមទាំងជាប្រភពនៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ការបាត់បង់បណ្ណសារ ឬការគ្រប់គ្រងមិនបានត្រឹមត្រូវ គឺមិនខុសអ្វីពីការបាត់បង់ការចងចាំរបស់ជាតិ និងភស្តុតាងប្រវត្តិសាស្ត្រទាំងមូលនោះទេ។
លោកបន្ថែមទៀតថា ក្នុងដំណើរនេះ កម្ពុជាត្រូវពង្រឹង «ភាពម្ចាស់ការ» របស់ខ្លួនលើប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិ។ កម្ពុជាមិនត្រឹមតែជាអ្នកទទួលជំនួយបច្ចេកទេស និងចំណេះដឹងពីដៃគូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍខ្លួនឱ្យ មានសមត្ថភាព, ជំនាញ និងភាពម្ចាស់ការពេញលេញ ក្នុងការគ្រប់គ្រង, ការស្រាវជ្រាវ, ការផ្ទៀងផ្ទាត់, ការបកស្រាយ និងការផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន៕






