កសិករដាំដំណាំមៀន នៅស្រុកម៉ាឡៃ កំពុងមមាញឹកក្នុងការប្រមូលផល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិន (Video inside)
04-11-2026 10:41
(បន្ទាយមានជ័យ)៖ កសិករនៅក្នុងសហគមន៍មៀនម៉ាឡៃជាង១០០គ្រួសារ កំពុងមមាញឹកនឹងការប្រមូលផ្លែមៀន ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិន។ ចំពោះមៀនដែលកំពុងប្រមូលផលគឺត្រូវដឹកជញ្ជូនទៅខេត្តប៉ៃលិន ដើម្បីឆ្លងកាត់ការពិនិត្យ និងញែកទៅតាមប្រភេទគុណភាព គឺនាំចេញទាំងផ្លែស្រស់ ដោយមានការវេចខ្ចប់ទៅតាមលក្ខណៈបច្ចេសទេស។ ដោយឡែកចំពោះផ្លែដែលដាច់ទង ត្រូវបានយកទៅសម្ងួត និងវេចខ្ចប់ទៅតាមលក្ខណៈបច្ចេកទេស ដូចគ្នា មុនធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
លោកស្រី អន ស៊ីថា ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពាក់ព័ន្ធនិងចងក្រងជាសហគមន៍ ស្រុកមានសហគមន៍ស្រាប់ គឺសហគមន៍មៀនម៉ាឡៃ មានសមាជិក១៥២នាក់ ដែលកន្លងមកមន្ទីរក៏បានជួយទៅលើការបណ្ដុះបណ្ដាលបច្ចេកទេស ការថែទាំមុននិងក្រោយប្រមូលផល ធ្វើការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ និងបានជួយជំរុញចំការកសិករអោយប្រែក្លាយទៅជាចំការ ការអនុវត្តកសិកម្មល្អ ដែលមានស្តង់ដារអាចនាំចេញទៅប្រទេសចិន និងប្រទេសផ្សេងៗទៀតបាន។
លោកស្រីបន្តថា សម្រាប់មៀននៅក្នុងស្រុកម៉ាឡៃ គឺមានប្រមាណជាង៥០០ហិកតា ផ្ទៃដីកំពុងប្រមូលផលម្ចាស់ចំការបញ្ជាក់ថា មានប្រមាណ១០ហិកតា ដោយមួយហិកតា គាត់ដាំបានចំនួន១៥០ដើម សរុបប្រមាណ១៥០០ដើម បរិមាណផលប្រមាណ១០០គីឡូក្រាមក្នុង១ដើមទៅតាមអាយុកាលដើមមៀន។
លោកស្រី អន ស៊ីថា ប្រធានស្តីទី បន្តថាចំពោះទីផ្សារពុំមានអ្វីជាបញ្ហាចោទទេ ដោយសារពួកគាត់មានដៃគូស្រាប់ សម្រាប់នាំចេញទៅប្រទេសចិន។ ហើយដើម្បីឱ្យពួកគាត់ជាកសិករ កាន់តែទទួលបានភាពជឿទុកចិត្តគ្នារវាងកសិករ និងឈ្មួញ ក៏ដូចជាក្រុមហ៊ុនសម្រាប់នាំចេញ លោកស្រីបញ្ជាក់ថា មន្ទីរនឹងជួយសម្របសម្រួលពួកគាត់ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ឱ្យពួកគាត់រៀបចំកិច្ចសន្យា ដែលមានការដឹងឮពីខាងមន្ទីរជំនាញ។
កន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ និងចូលរួមសម្របសម្រួលលើការរៀបចំ និងពិនិត្យកិច្ចសន្យាផលិតកម្មកសិកម្ម ជាពិសេសលើផលិតកម្មស្រូវ និងបន្លែផ្សេង។
លោកស្រីបន្តថា ចំពោះតម្លៃមៀនឆ្នាំមុន (ឆ្នាំ២០២៥) តម្លៃចន្លោះពី៣០០០រៀល ទៅ៣៥០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើទំហំ និងប្រភេទផ្លែមៀនលេខ១ លេខ២ និងលេខ៣ និងពេលវេលាត្រូវប្រមូលផល។ ហើយសម្រាប់ឆ្នាំ២០២៦នេះ តម្លៃចន្លោះពី៣០០០រៀល ទៅដល់៣៥០០រៀល ឬ៤០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើពេលវេលានៃការប្រមូលផល និងតម្រូវការទីផ្សារជាក់ស្តែង។
កាលពីសប្ដាហ៍កន្លងទៅ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអភិបាលស្រុកម៉ាឡៃ បានអញ្ជើញចុះពិនិត្យការប្រមូលផលផ្លែមៀន នៅក្នុងភូមិសាស្ត្រនៃស្រុកម៉ាឡៃ ដែលកសិករកំពុងមមាញឹកក្នុងការប្រមូលផល និងមានឈ្មួញបានធ្វើការបញ្ជាទិញដល់ចំការ ដើម្បីចែកចាយបន្តទៅកាន់ប្រទេសចិន។
ជាមួយគ្នានោះ លោក អ៊ុំ រាត្រី ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការជាមួយនឹងកសិករម្ចាស់ចម្ការ រួមនឹងសហគមន៍ ដើម្បីពិភាក្សាផ្តល់នូវបច្ចេកទេសនៃការដាំដុះ ក៏ដូចជាជួយរកទីផ្សារកសិករ ដែលបានដាំដុះដំណាំមៀន ក៏ដូចជាដំណាំកសិកម្មផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ។
មួយវិញទៀតដោយសារតែទីតាំងចំការរបស់បងប្អូនកសិករដាំដំណាំមៀន ឆ្ងាយពីប្រភពទឹកសម្រាប់ស្រោចស្រព លោកក៏បានណែនាំទៅដល់អភិបាលស្រុក ធ្វើការជាមួយមន្ទីរជំនាញដើម្បីទាញប្រភពទឹក សម្រាប់យកមកផ្គត់ផ្គង់ស្រោចស្រពដល់ដំណាំរបស់បងប្អូនកសិករ។ ជាពិសេសហការជាមួយមន្ទីរជំនាញ ក្នុងការជួយទាញអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុន ដើម្បីទទួលទិញនូវកសិផល ដើម្បីធានានូវតម្លៃក៏ដូចជាកាត់បន្ថយថ្លៃដើមនៃការចំណាយលើការដឹកជញ្ជូនផ្សេងៗ៕
















