លោក គីម វីរៈ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទចិន ក្វាងស៊ី-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន
03-11-2026 22:03
(ក្វាងស៊ី-ចិន)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. និងតំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ ខេត្តកែប និងខេត្តសៀមរាប ចូលរួមក្នុងសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន (ការបង្ការគ្រោះរញ្ជួយដី និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ) ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក គីម វីរៈ បានចូលរួមតំណាងឱ្យប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងកិច្ចពិភាក្សាជាមួយលោក កៃ យុងកេ (Cai Yunge) អភិបាលរងនៃរដ្ឋាភិបាលប្រជាជនតំបន់ស្វយ័តក្វាងស៊ី ជួង និងលោក វ៉ាង ឃុន (Wang Kun) ប្រធាននាយកដ្ឋានបង្ការគ្រោះរញ្ជួយដី និងកាត់បន្ថយគ្រោះមហន្តរាយ។
ជំនួបនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា ចិន និងបណ្តាប្រទេសអាស៊ាន ព្រមទាំងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ទន្ទឹមនឹងនេះ អនុប្រធាន និងជាអគ្គលេខាធិការ បានបន្តដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលអប់រំវិទ្យាសាស្ត្រពន្លត់អគ្គិភ័យណាននីង និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានការអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។
ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដល់គណៈប្រតិភូ ក្នុងការសិក្សាស្វែងយល់អំពីសមិទ្ធផលបច្ចេកវិទ្យាទំនើប ប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការជាក់ស្តែង ព្រមទាំងបទពិសោធន៍ថ្មីៗ ដែលអាចជាមូលដ្ឋានសម្រាប់ពិនិត្យលទ្ធភាពនៃការសម្របសម្រួល និងអនុវត្តឱ្យស្របតាមបរិបទកម្ពុជា ដើម្បីរួមចំណែកពង្រឹងសមត្ថភាពជាតិលើការត្រៀមបង្ការ ការឆ្លើយតប និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
នៅថ្ងៃដដែល លោក គីម វីរៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារស្វាគមន៍ និងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងតំណាងភាគីចិន។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព និងសាមគ្គីភាព ដែលជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕















































