FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម និងវិស័យឯកជន រៀបចំកិច្ចប្រជុំជជែកពីដោះស្រាយបញ្ហាប្រឈម និងការជំរុញវិស័យស្រូវអង្ករកម្ពុជា

03-11-2026 21:44

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល ជាមួយឧកញ៉ា ចាន់ សុឃាំង សហប្រធានតំណាងវិស័យឯកជន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម «ឈ» ផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានលើកយកនូវបញ្ហាប្រឈមសំខាន់ៗមកពិភាក្សា និងស្វែងរកដំណោះស្រាយ រួមមាន បញ្ហាតភ្ជាប់ និងសម្រួលការដឹកជញ្ជូន ផលប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ព្រមទាំងវិធានការក្នុងការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជនក៏បានរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីតម្រង់ទិស និងសម្រេចឱ្យបាននូវសមិទ្ធផលបន្ថែមទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជានាពេលខាងមុខ៕