FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ

03-11-2026 21:42

(ឧត្តរមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីអភិសេក រូបបដិមា ព្រះគោ ព្រះកែវ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

‎ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរូមពីសំណាក់លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលោកស្រី, លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, លោកស្រី ហង់ ភារី អ៉ឹមសិទ្ធិ លោកស្រី នេត្រ ភូមរី លោកស្រី ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន លោកអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន មហាសទ្ធានុរ័ក្ខសិរី បណ្ឌិត ប៊ុន ហៀង និង អមរានុរ័ក្ខសិរី កៅ រីណៈ ឧកញ៉ា អ៉ឹង មុយ គៀង លោកស្រី មាស ផល្លីន ហេង ស៊ីនឿន លោកស្រី ជា ណែត ស៊ី ហ៊ូហ៊ុយ រួមជាមួយ ភរិយាថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។‎

‎សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងការជូនពរដោយសេចក្តីស្រឡាញ់ និងការគោរពេជូនពរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ខ។‎

សម្តេចក៏បានលើកឡើងអំពីប្រវត្តិរបស់ បដិមាព្រះគោព្រះកែវ ដែលបានរៀបចំសម្ពោធនាពេលនេះ នឹងក្លាយជាឱកាសមួយសម្រាប់យើងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងវប្បធម៌ ជំនឿ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ ព្រោះថា ព្រះគោ ព្រះកែវ មានវត្តមាននៅក្នុងរឿងព្រេង និងទំនៀមទម្លាប់មួយចំនួនរបស់ខ្មែរ ព្រមទាំងមានទំនាក់ទំនងជាមួយមរតកសិល្បៈ និងជំនឿដែលបានបន្តឆ្លងកាត់ជាច្រើនជំនាន់។‌‎

ការសិក្សាអំពីរូបសំណាក និងនិមិត្តរូបបែបនេះ ជួយឱ្យយើងយល់ដឹងអំពីរបៀបដែលបុព្វបុរសយើងបានបង្កើត សម្របសម្រួល និងបន្តតម្លៃវប្បធម៌របស់ខ្លួន។ ចំណែកឯសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមលើកតម្លៃផ្នែកសិល្បៈ តម្លៃផ្នែកវប្បធម៌ និងតម្លៃផ្នែកសង្គម ដោយអាចបម្រើជាចំណុចសម្រាប់ការអប់រំ ការសិក្សា ស្រាវជ្រាវ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិក្នុងសហគមន៍ ពិសេស សម្រាប់យុវជនជំនាន់ក្រោយ។ ម៉្យាងទៀត នឹង‎បានចូលរូមចំណែកអភិរក្ស និងលើកស្ទួយវប្បធមខ្មែរ បង្កើនសក្តានុពលទេសចរណ៍ លើកកម្ពស់សោភ័ណភាពទីរួមខេត្តឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។‎

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីការកសាងរូបសំណាកនេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សូមបញ្ជាក់ថា រូបសំណាកព្រះគោ ព្រះកែវនេះ ត្រូវបានមកតម្កល់នៅទីតាំងជំនួសរូប ព្រះវិស្ណុគង់លើគ្រុឌ ដែលត្រូវបានយាងត្រលប់ទៅតំកម្កល់ទុកនៅក្នុងខេត្តសៀមរាប នាពេលកន្លងមក៕