វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
03-11-2026 20:28
(វ៉ាស៊ីនតោន)៖ គណបក្សប្រជាធិបតេយ្យសង្ឃឹមថាអាចនឹងដណ្ដើមបានអាសនៈភាគច្រើនក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការសង្ឃឹមនេះត្រូវបានជំរុញមួយផ្នែកដោយការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្ដីកង្វល់ជុំវិញការកើនឡើងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងសង្រ្គាមជាមួយអ៉ីរ៉ង់។ ជ័យជម្នះណាមួយមិនថានៅសភាតំណាងរាស្ត្រ (រដ្ឋសភា) ឬក៏ព្រឹទ្ធសភានឹងអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសកម្មភាពរបស់លោក ត្រាំ អំឡុងរយៈពេលសេសសល់នៃអាណត្តិរបស់លោក ក៏ព្រោះតែរដ្ឋធម្មនុញ្ញអាមេរិកបានផ្ដល់សិទ្ធិឱ្យសភានូវអំណាចមួយចំនួនដើម្បីដាក់ឱ្យអំណាចប្រតិបត្តិស្ថិតនៅក្រោមការត្រួតពិនិត្យ។
* តើនឹងមានអ្វីប្រែប្រួល ប្រសិនបើគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាតំណាងរាស្ត្រ?
ការគ្រប់គ្រងសភាតំណាងរាស្ត្រ ឬរដ្ឋសភានឹងផ្ដល់ឱ្យគណបក្សប្រជាធិបតេយ្យនូវមធ្យោបាយជាច្រើនដើម្បីតតាំងគ្នាជាមួយលោក ត្រាំ។ ដ្បិតរដ្ឋសភាមានសិទ្ធិចាត់ចែងលើសំណើកញ្ចប់ថវិកា រួមទាំងគ្រប់គ្រងលើគណៈកម្មាធិការស៊ើបអង្កេតសំខាន់ៗរបស់រដ្ឋសភា ហើយសូម្បីតែច្បាប់ស្ដីពីការបង្កើនចំណូលពន្ធក៏មានប្រភពចេញពីសភាតំណាងរាស្ត្រផងដែរ។ ប្រសិនបើឈ្នះអាសនៈភាគច្រើន គណបក្សប្រជាធិបតេយ្យនឹងក្ដោបយកតំណែងប្រធាននៃគណៈកម្មាធិការទាំងអស់នៃសភាតំណាងរាស្ត្រដែលមានភារកិច្ចត្រួតពិនិត្យលើការតាក់តែងច្បាប់។ ប្រធានសភាតំណាងរាស្ត្រក៏មានអំណាចឯកតោភាគីផងដែរដើម្បីបើកការស៊ើបអង្កេត និងកោះហៅសាក្សី ហើយអំណាចបែបនេះអាចនឹងត្រូវបានគណបក្សប្រជាធិបតេយ្យប្រើប្រាស់ដើម្បីបង្ខំឱ្យក្រុមមន្ត្រីរដ្ឋាភិបាល សម្ព័ន្ធមិត្តនយោបាយ ឬក្រុមមនុស្សជំនិតរបស់លោក ត្រាំចូលខ្លួនផ្ដល់សក្ខីកម្មនៅក្រោមការស្បថស្បែ និងផ្ដល់ឯកសារដែលពួកគេត្រូវការ។
សមាជិកមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យបានបង្ហើបពីចេតនារបស់ពួកគេក្នុងការប្រើប្រាស់អំណាចបែបនេះដើម្បីបើកការស៊ើបអង្កេតលើក្រុមហ៊ុនដែលត្រូវបានសង្ស័យថាបានទទួលបានផលចំណេញពីរដ្ឋបាលលោក ត្រាំ តួយ៉ាងដូចជាក្រុមហ៊ុន AI និងនាយកប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនោះ។ សភាតំណាងរាស្ត្រដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ នឹងមានអំណាចតាក់តែងច្បាប់ និងដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងប្រធានាធិបតី និងរដ្ឋបាលរបស់លោក។ ប៉ុន្តែការបោះឆ្នោតចោទប្រកាន់ដកតំណែងប្រធានាធិបតី មានប្រសិទ្ធភាពមានដែនកំណត់។ ឧទាហរណ៍៖ លោក ត្រាំបានក្លាយជាប្រធានាធិបតីតែម្នាក់គតរបស់សហរដ្ឋអាមេរិកដែលត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធីចោទប្រកាន់នេះដល់ទៅ ២លើក ក្រោមបទចោទរំលោភអំណាច និងញុះញង់ឱ្យមានសកម្មភាពបះបោរ ព្រមទាំងបទល្មើសតូចធំជាច្រើនទៀតអំឡុងអាណត្តិទី១របស់លោក។ ប៉ុន្តែលោក ត្រាំត្រូវបានព្រឹទ្ធសភាសម្រេចឱ្យរួចផុតពីការចោទប្រកាន់។
លោក Hakeem Jeffries មេដឹកនាំសំឡេងភាគតិចក្នុងសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ បានទទូចម្ដងហើយម្ដងទៀតថារូបលោកនឹងស្វែងរកការដំណើរការនីតិវិធីប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដែលកំពុងប្រឈមមុខរួចទៅហើយនឹងនីតិវិធីចោទប្រកាន់ដកតំណែងពាក់ព័ន្ធនឹងសង្រ្គាមអ៉ីរ៉ង់ និងការចាត់ចែងរបស់លោកលើមន្ទីរបញ្ចកោណ។ គណបក្សប្រជាធិបតេយ្យបើឈ្នះសំឡេងភាគច្រើន ក៏នឹងប្រើប្រាស់អំណាចគ្រប់គ្រងលើការចាត់ចែងកញ្ចប់ថវិកាផងដែរ ក៏ព្រោះតែសេចក្ដីព្រាងច្បាប់ស្ដីពីចំណូលពន្ធមានប្រភពចេញពីសភាតំណាងរាស្ត្រ។
និយាយជារួម គណបក្សប្រជាធិបតេយ្យនឹងមានអំណាចដាក់សម្ពាធលើគណបក្សសាធារណរដ្ឋ រហូតដល់អាចគំរាមខ្ទប់ការអនុម័តកញ្ចប់សម្រាប់រដ្ឋាភិបាលអាមេរិក ដែលជាទូទៅគេហៅថា shutdown។ កាន់តែសំខាន់ជាងនេះ តំណែងជាប្រធានសភាតំណាងរាស្ត្រថែមទាំងមានអំណាចរាំងខ្ទប់សេចក្ដីព្រាងច្បាប់ស្នើឡើងដោយបក្សសាធាណរដ្ឋ ដរាបណាសេចក្ដីព្រាងច្បាប់នោះនៅក្នុងរដ្ឋសភា។ តំណែងជាប្រធានសភាតំណាងរាស្ត្រមានសិទ្ធិសម្រេចថាតើសេចក្ដីព្រាងច្បាប់ណាខ្លះគួរយកទៅដាក់ឱ្យបោះឆ្នោតអនុម័ត និងមានអំណាចពន្យារពេលលើការអនុម័តសេចក្ដីព្រាងច្បាប់គាំទ្រដោយបក្សសាធារណរដ្ឋដោយមិនមានការកំណត់ពេលវេលា។
* តើនឹងមានអ្វីប្រែប្រួល ប្រសិនបើគណបក្សប្រជាធិបតេយ្យគ្រប់គ្រងព្រឹទ្ធសភា?
ការគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភានឹងផ្ដល់ឱ្យគណបក្សប្រជាធិបតេយ្យនូវអំណាចទទួលស្គាល់ការតែងតាំងតំណែងមន្ត្រីសំខាន់ៗដែលនេះជាយន្ដការត្រួតពិនិត្យមួយលើអំណាចរបស់ប្រធានាធិបតីក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំស្ថាប័នកំពូលៗ ដូចជាចៅក្រមតុលាការកំពូល សមាជិកគណៈរដ្ឋមន្ត្រី រួមទាំងនាយកទីភ្នាក់ងារសហព័ន្ធដូចជា FBI CIA និងទីភ្នាក់ងារអន្តោប្រវេសន៍ និងគយ ICE ជាដើម។ មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយដោយបើកចំហថាហេតុផលមួយដែលគណបក្សរបស់លោកគួរតែឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា នោះគឺដើម្បីរារាំងកុំឱ្យលោក ដូណាល់ ត្រាំ តែងតាំងគ្នីគ្នារបស់លោកជាចៅក្រមតុលាការកំពូល និងតុលាការផ្សេងទៀតរបស់សហរដ្ឋអាមេរិក។
ដូចគ្នានៅក្នុងសភាតំណាងរាស្ត្រដែរ ការគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា នឹងផ្ដល់ឱ្យគណបក្សប្រជាធិបតេយ្យក្ដោបយកតំណែងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាដែលនេះនឹងបើកសមរភូមិច្បាប់ទី២ប្រឆាំងនឹងលោក ត្រាំ និងសម្ព័ន្ធមិត្តរបស់លោក។ បន្ថែមពីលើនេះ ការគ្រប់គ្រងព្រឹទ្ធសភាក៏នឹងផ្ដល់ឱ្យគណបក្សប្រជាធិបតេយ្យផងដែរនូវអំណាចធ្វើអន្តរាគមន៍ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ រដ្ឋធម្មនុញ្ញអាមេរិកបានតម្រូវឱ្យគណបក្សមួយរកឱ្យបានសំឡេង ២ភាគ៣ លើការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ។ មានន័យថាបក្សមួយត្រូវការអាសនៈត្រឹមតែ ៣៤ប៉ុណ្ណោះដើម្បីរារាំងខ្ទប់ការផ្ដល់សច្ចាប័ន។ សំឡេងភាគច្រើននៅព្រឹទ្ធសភានឹងផ្ដល់ឱ្យគណបក្សប្រជាធិបតេយ្យគ្រប់គ្រងលើរបៀបវារៈរបស់ព្រឹទ្ធសភា។ ការណ៍នេះនឹងផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការទប់ស្កាត់ការប៉ុនប៉ងរបស់គណបក្សសាធារណរដ្ឋដើម្បីចាត់ចែងគោលនយោបាយការបរទេសតាមរយៈការបដិសេធជំរុញ ឬពិចារណាលើសេចក្ដីព្រាងច្បាប់ នៅក្នុងគណៈកម្មាធិការព្រឹទ្ធសភា។
* ចុះបើគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាទាំង២?
ការគ្រប់គ្រងទាំងលើសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា នឹងអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យប្រើប្រាស់ច្បាប់ស្តីពីការត្រួតពិនិត្យរបស់សភា ឬ Congressional Review Act ជាមធ្យោបាយបន្ថែមពីលើមធ្យោបាយដែលបានរៀបរាប់ខាងលើ។ នៅក្រោមច្បាប់ Congressional Review Act ឆ្នាំ១៩៩៦ សភាទំាង២ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សតែមួយគឺមានអំណាចលុបចោលច្បាប់ ឬវិធានការថ្មីដែលត្រូវបានដាក់ចេញដោយទីភ្នាក់ងារសហព័ន្ធ និងរារាំងពួកគេមិនឱ្យចេញច្បាប់ ឬវិធានការដូចគ្នានេះនៅពេលអនាគត។ ការគ្រប់គ្រងទាំង សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក៏នឹងអនុញ្ញាតផងដែរឱ្យគណបក្សប្រជាធិបតេយ្យរារាំងគណបក្សសាធារណរដ្ឋពីការប្រើប្រាស់ច្បាប់កញ្ចប់ថវិកាពិសេស ឬគេស្គាល់ថា Budget Reconciliation ដើម្បីជំរុញការអនុម័តច្បាប់។
ការអនុម័តសេចក្ដីព្រាងច្បាប់ភាគច្រើនត្រូវការសំឡេងគាំទ្រ ៥១ នៅក្នុងព្រឹទ្ធសភាដែលមានអាសនៈសរុប ១០០ បន្ទាប់ពីការពិភាក្សា ដេញដោលបិទបញ្ចប់។ ប៉ុន្តែ អ្នកតំណាងរាស្ត្រត្រូវការសំឡេងគាំទ្រ ៦០ ដើម្បីបញ្ឈប់ការពិភាក្សាដេញដោល និងបញ្ជូនសេចក្ដីព្រាងច្បាប់មួយទៅដល់ការបោះឆ្នោតសម្រេចតែម្ដង។ ដូច្នេះសំឡេងភាគច្រើន ៦០អាសនៈបានក្លាយជាមធ្យោបាយផ្លូវកាត់ដើម្បីអនុម័តច្បាប់។ តែទោះជាបែបនេះក្ដី អ្នកតំណាងរាស្ត្រនៅតែអាចប្រើប្រាស់យន្ដការ Budget Reconciliation ដើម្បីអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកា និងច្បាប់ពាក់ព័ន្ធនឹងពន្ធនៅក្នុងព្រឹទ្ធសភាជាមួយសំឡេងគាំទ្រភាគច្រើន ៥១។
បើអាចគ្រប់គ្រងទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា នោះគណបក្សប្រជាធិបតេយ្យអាចនឹងបង្ខំឱ្យលោក ត្រាំត្រូវដឹកនាំរដ្ឋាភិបាលរបស់លោកមួយផ្នែកធំដោយផ្អែកលើបទបញ្ជាប្រតិបត្តិ។ តែបទបញ្ជាប្រតិបត្តិមួយផ្នែកធំផងដែរអាចនឹងត្រូវប្ដឹងទាស់ទៅកាន់តុលាការ។ យ៉ាងណាក៏ដោយ លោក ត្រាំនៅតែមានសិទ្ធិវេតូក្នុងនាមជាប្រធានាធិបតីអាមេរិកដែលលោកអាចនឹងប្រើប្រាស់ដើម្បីរាំងខ្ទប់ ឬបដិសេធចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដែលត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា៕





