គ.ជ.ប ប្រកាសលទ្ធផល នៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ និងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
03-11-2026 17:37
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ និងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពលោក ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំនេះ លោក ហេង ស៊ីឡេង បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេល ២៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ គ.ជ.ប កត់សម្គាល់ឃើញថា មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅរលូនល្អ។
លោក ហេង ស៊ីឡេង បន្តថា ក្រុមចុះឈ្មោះបោះឆ្នោតបានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងបានចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមប្រតិទិនរបស់ខ្លួន។ ចំពោះការងារសន្តិសុខ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងភាគីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំតាមប្រតិទិនការងារ តាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការការពារសន្តិសុខ សុវត្ថិភាព និងចាត់វិធានការផ្សេងៗ សំដៅធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ប្រព្រឹត្តទៅកាន់តែល្អប្រសើរ ប្រកបដោយសន្តិសុខ សុវត្ថិភាព៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖
























