FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ សាងសង់អគារស្នាក់នៅគ្រូ នៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ

03-11-2026 17:25

(កំពង់ធំ)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ ដែលមានសមាជិក៥ ក្រុមហ៊ុន បានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារស្នាក់នៅសម្រាប់លោកគ្រូអ្នកគ្រូ នៅក្នុងវិទ្យាល័យទ្រៀល ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា ការឧបត្ថម្ភនេះធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់លោកគ្រូអ្នកគ្រូ ក៏ដូចជាចូលរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល។

លោកបានបន្តថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងគុណភាពអប់រំនៅតាមសហគមន៍។ ការរួមចំណែកនេះ នឹងជួយសម្រួលដល់លក្ខខណ្ឌការងាររបស់គ្រូបង្រៀន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបណ្តុះបណ្តាលកុលបុត្រកុលធីតាខ្មែរឱ្យក្លាយជាពលរដ្ឋល្អ និងមានចំណេះដឹង។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើប​សាង​សង់រួចរាល់។ អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា តែពិធីសម្ពោធត្រូវបាន​រៀប​ចំឡើងរួមគ្នានៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ៕