គម្រោងការពារទឹកជំនន់ជប៉ុន រួមចំណែកកាត់បន្ថយជំនន់ទឹកភ្លៀងនៅភ្នំពេញយ៉ាងមានប្រសិទ្ធភាព
03-11-2026 16:33
(ភ្នំពេញ)៖ រាជធានីភ្នំពេញ បានទទួលនូវគម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានឆ្លងកាត់៤ជំហានធំៗ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជំនន់ទឹកភ្លៀង។
គម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២១ ដោយបានសាងសង់ស្ថានីយបូមទឹកបឹងទំពុន កែលម្អប្រព័ន្ធបង្ហូរទឹកនៅតំបន់ជាច្រើននៃរាជធានី រួមមានតំបន់ខាងត្បូងឆៀងខាងលិច កណ្តាល ខាងជើងឆៀងខាងកើត ភាគខាងត្បូងឆៀងខាងកើត រហូតដល់តំបន់ខាងជើងវត្តភ្នំ និងទួលគោក។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) បង្ហាញថា គម្រោងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ការអភិវឌ្ឍជា៤ជំហាន ដោយជំហានទី១ សាងសង់ពី២០០១ ដល់ឆ្នាំ២០០៤ សាងសង់ស្ថានីយបូមទឹក បឹងទំពន់, ជំហានទី២ ឆ្នាំ២០០៥-ឆ្នាំ២០១០ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកចេញពីតំបន់ខាងត្បូង ឆៀងខាងលិច តំបន់កណ្តាល និងខាងជើងឆៀងខាងកើតនៃទីក្រុង, ជំហានទី៣ ឆ្នាំ២០១១-ឆ្នាំ២០១៥ ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកចេញពីតំបន់ភាគខាងត្បូងឆៀង ខាងកើតរាជធានី រួមមាន៖ ខណ្ឌចំការមន និងផ្នែកខ្លះនៃខណ្ឌ ៧មករា និងខណ្ឌដូនពេញ ដើម្បីកាត់បន្ថយការជន់លិច និងជំហានទី៤ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ដែលរួមចំណែកកាត់បន្ថយជំនន់ទឹកភ្លៀង នៅតំបន់ខាងជើងវត្តភ្នំ និងនៅតំបន់ទួលគោក។
លោក ជូ គឹមទ្រី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ពីមុនម៉ូទូរបូមទឹកបញ្ជៀសទឹកជំន់នៅបែកខាងត្បូងរាជធានីភ្នំពេញ ដែលជាជំនួយរបស់ JICA ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបូមទឹកចេញពីប្រឡាយមេ ដើម្បីកាត់បន្ថយទឹកជំនន់ទឹកភ្លៀង ក្នុងនោះ ម៉ូទូរជំនួយរបស់ជប៉ុន មានចំនួន៥គ្រឿង និងម៉ូទ័រ រាជធានីភ្នំពេញ មានចំនួន៥គ្រឿង អាចមានសមត្ថភាពបូមទឹកបានប្រមាណជា៣១ម៉ែត្រគីប ក្នុងមួយវិនាទី។
បន្ទាប់ពីរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ឱ្យរាជធានីភ្នំពេញទៅលើគម្រោង ការពារទឹកជំនន់បានធ្វើការបន្ថែមម៉ូទ័រចំនួន ២បន្ថែមទៀត ដែលមានមុខកាត់ ១ម៉ែត្រកន្លះ មានសមត្ថភាព បូមទឹកបាន១២ម៉ែត្រគីប ក្នុង១វិនាទី បន្ថែមលើសមត្ថភាពម៉ូទ័រចាស់ ដែលត្រូវបានសាងសង់បញ្ចប់នៅឆ្នាំ២០២៥។
បន្ទាប់ពីបំពាក់បន្ថែមម៉ូទ័រសរុបចំនួន១២ នេះបានរួមចំណែកបន្ថែមបរិមាណនៃការបូមទឹកបានប្រម៉ាណ៤៣ម៉ែត្រគីបក្នុងមួយវិនាទី ធ្វើឱ្យសមត្ថភាពបូមទឹកនៅរដូវវក្សាឆ្នាំនេះ ក្នុងពេលទឹកភ្លៀងជន់លេចនៅភាគខាងត្បូងរាជធានីភ្នំពេញ បានច្រើនជាងមុន។
បន្ថែមពីនេះតាមរយៈ JICA ជប៉ុនប្រចាំនៅកម្ពុជា ក៏បានជួយគម្រោងកែលម្អទឹកកខ្វក់នៅជើងឯក ក្នុងទំហំថវិកាប្រមាណជា២៩លានដុល្លារ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានប្រមាណជា៥ពាន់លីត្រ ក្នុងមួយថ្ងៃផងដែរ។
លោក មិស៊ូមិ តាកាហ៊ីតុ ឧបទូត និងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងទាំងនេះពង្រឹងការការពារជំនន់នៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ឬហៅកាត់ថា ជំនួយODA ប្រទេសជប៉ុន បាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនានាជាច្រើន រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារពត៌មានស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែវិច្ឆិកា លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា នេះជាសមិទ្ធផលធំ មួយដែលជួយឱ្យរាជធានីភ្នំពេញ ដែលមានប្រព័ន្ធដោះទឹកជំនន់ និងជួយជំរុញការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់រាជធានីភ្នំពេញ៕


















