ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន គូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
03-11-2026 16:32
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើការត្រៀមរៀបចំកម្មវិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដើម្បីធានាថាការរៀបចំកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងស្របតាមផែនការដែលបានកំណត់។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍នេះ ដោយបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងវិស័យអប់រំ និងវិទ្យាសាស្ត្រ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេស និងដៃគូក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យគ្រប់អង្គភាពពាក់ព័ន្ធបន្តចូលរួម និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការងារត្រៀមរៀបចំមានភាពស៊ីសង្វាក់គ្នា និងសម្រេចបានតាមផែនការដែលបានកំណត់។ កិច្ចប្រជុំនេះក៏ជាឱកាសសម្រាប់ពិនិត្យវឌ្ឍនភាពការងារ ផ្លាស់ប្តូរយោបល់ និងពង្រឹងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដោយមានគោលដៅរួមក្នុងការធានាឱ្យព្រឹត្តិការណ៍អមទាំងអស់ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នាខែវិច្ឆិកានេះ ដែលមានការចូលរួមពីបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូន ចំនួន ៩០ប្រទេស មកពីទូទាំងពិភពលោក។ ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីធំៗចំនួនពីរ ដើម្បីចូលរួមអបអរសាទរ និងបង្ហាញពីសមិទ្ធផលនៃវិស័យអប់រំកម្ពុជាទៅកាន់ឆាកអន្តរជាតិ រួមមាន៖ វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Cycle Scientifique Francophone d’Asie-Pacifique – CSFAP) និងស្ដង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូន៕


















