FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខត្តកំពត ដឹកនាំមន្ត្រីក្រោមឱវាទពាក់ព័ន្ធ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៧០០០ក្បាលដី នៅស្រុកទឹកឈូ

03-11-2026 16:23

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនពលរដ្ឋក្នុងភូមិចំនួន៣ នៃស្រុកទឹកឈូ ខេត្តកំពត ដែលបានប្រព្រឹត្តធ្វើឡើងក្នុងបរិវេណវត្តកំពូលមាស (ហៅវត្តវប្រឡាយ) ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ព្រាប សុផាត ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានឱ្យដឹងថា ពិធីនាព្រឹកនេះ មានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន៖ ភូមិភ្នំតូច ភូមិមានរិទ្ធ និងភូមិទឹកក្រហម នៃឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ៦,៨៣២ក្បាលដី ស្មើនឹង ៣,៦៦០គ្រួសារ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសារ ក្នុងពិធីខាងលើ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) បានផ្លាស់ប្តូរជាប្រវត្តិសាស្ត្រយ៉ាងខ្លាំង ដោយសារតែនៅក្នុងរបបខ្មែរក្រហម រាល់កម្មសិទ្ធិឯកជន និងប្លង់ដីធ្លីទាំងអស់ ត្រូវបានលុបបំបាត់ និងបំផ្លាញចោលទាំងស្រុង ហើយក្រោយការដួលរលំនៃរបបប៉ុលពត ដីធ្លីទាំងអស់ក៏ត្រូវបានចាត់ទុកជាសម្បត្តិរបស់រដ្ឋ ប្រជាពលរដ្ឋត្រូវបានរៀបចំឱ្យរស់នៅ និងធ្វើការរួមគ្នាក្នុងទម្រង់ជា «ក្រុមសាមគ្គី» ដើម្បីបង្កបង្កើនផល និងជួយគ្នាទៅវិញទៅមកក្នុងការស្តារវិស័យកសិកម្មឡើងវិញ។ ម្យ៉ាងទៀតពលរដ្ឋមានសិទ្ធិអាស្រ័យផលលើដីធ្លី សម្រាប់ការធ្វើស្រែចម្ការ និងសង់លំនៅឋាន ប៉ុន្តែមិនទាន់មានសិទ្ធិជាកម្មសិទ្ធិករឯកជន ឬសិទ្ធិលក់ដូរនោះទេ។

លោកអភិបាលខេត្ត បន្តថា ក្រោយពេលដែលប្រទេសកម្ពុជារួចផុតពីភ្នក់ភ្លើងសង្គ្រាម ហើយទទួលបានសុខសន្តិភាពក្រោមការ​លះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានគិតគូរ និងរៀបចំឡើងវិញនូវគោល នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដើម្បីរៀបចំឱ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។

គោលនយោបាយនេះ ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់រហូតបន្តមកដល់អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចបានបន្តអនុវត្តន៍ ក៏ដូចជាជំរុញអោយពន្លឿនការវាស់វែង ក៏ដូចជាចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេស ឱ្យបានឆាប់រហ័សបំផុត ដើម្បីអោយពលរដ្ឋអាចទទួលយកប្រយោជន៍ពេញលេញពីវិស័យដីធ្លី ពិសេសឈានទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរុញច្រានការងារចុះបញ្ជីដីធ្លីយ៉ាងសកម្មពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធានានូវសុវត្ថិភាពផ្លូវច្បាប់ លើការកាន់កាប់ដីធ្លី បញ្ចប់ទំនាស់ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋឱ្យបានរឹងមាំ និងមានទំនុកចិត្តខ្ពស់។

លោកក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាថ្ងៃនេះ ត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិទាំងនេះ ឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្មផ្លូវច្បាប់ដ៏មានតម្លៃសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ៕