រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាកងការពារព្រំដែន និងក្រុមគ្រួសារកងទ័ព នៅខេត្តបន្ទាយមានជ័យ
03-11-2026 15:58
(បន្ទាយមានជ័យ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារកងការពារព្រំដែនលេខ៥០៣ និងលេខ៥១៣ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវសារសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះបងប្អូនភរិយាកងការពារព្រំដែន និងក្រុមគ្រួសារវីរកងទ័ពទាំងអស់ តាមរយៈការនាំយកមកនូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាដែលទទួលបាន ការឧបត្ថម្ភពីអង្គការនគរទេព ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព ការលះបង់ និងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហានរបស់កងកម្លាំងការពារព្រំដែន ហើយលោកស្រី ក៏បានលើកឡើងសសើរភរិយាកងទ័ព ក្នុងការថែទាំ និងអប់រំកូនចៅ គ្រប់គ្រងគ្រួសារ និងរក្សាភាពរឹងមាំទាំងផ្លូវកាយនិងចិត្តដើម្បីគ្រួសារ ក្នុងអំឡុងពេលស្វាមីបំពេញបេសកកម្មដើម្បីជាតិមាតុភូមិ។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ មិនអាចកាត់ផ្តាច់ចេញពីការលះបង់របស់កងកម្លាំងប្រដាប់អាវុធ និងការគាំទ្រដ៏រឹងមាំពីសំណាក់ក្រុមគ្រួសាររបស់ពួកគេបានឡើយ។ ការអត់ធ្មត់ ភាពស្មោះត្រង់ និងការលះបង់ដោយស្ងៀមស្ងាត់របស់ភរិយាកងទ័ព គឺជាកម្លាំងចិត្តដ៏មានតម្លៃ ដែលគួរទទួលបានការគោរព និងការកោតសរសើរ។
ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តដល់បងប្អូនស្ត្រី និងក្រុមគ្រួសារកងទ័ព ឱ្យបន្តរក្សាសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍ ព្រមទាំងខិតខំបង្កើនមុខរបរ និងសកម្មភាពសេដ្ឋកិច្ចគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកិច្ចការនារី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ស្ត្រី និងក្រុមគ្រួសារកងទ័ព ព្រមទាំងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការរក្សាស្ថិរភាពគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕
























