ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៖ ការចុះឈ្មោះចូលរួមបំពេញកាតព្វកិច្ចយោធាយ៉ាងផុលផុសរបស់យុវជន សបញ្ជាក់ពីខឿនការពារជាតិដ៏រឹងមាំ មិនអាចបំបែកបានរបស់ប្រជាជនកម្ពុជា
03-11-2026 15:48
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ការចុះឈ្មោះចូលរួមបំពេញកាតព្វកិច្ចយោធាយ៉ាងផុលផុសរបស់យុវជន យុវនារី នាពេលបច្ចុប្បន្ន យ៉ាងច្រើនកុះករនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីការតាំងចិត្តខ្ពស់ និងស្មារតីស្នេហាជាតិដ៏មុតមាំរបស់កូនខ្មែរគ្រប់រូប ចំពោះការចង់ចូលរួមក្នុងការបំរើជាតិ និងជាការបង្ហាញពីខឿនការពារជាតិដ៏រឹងមាំ ដែលមិនអាចបំបែកបានរបស់ប្រជាជនកម្ពុជា។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមការងារផ្នែកផ្សព្វផ្សាយ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងកោរសរសើរ និងថ្លែងអរគុណយ៉ាងក្រៃលែងជូនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន យុវនារី ដែលបានគាំទ្រ និងបង្ហាញពីទឹកចិត្តក្នុងការចូួលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមបំពេញកាតព្វកិច្ចយោធា នៅក្នុងឆ្នាំ២០២៦នេះ ជាឆ្នាំចាប់ផ្តើមតំបូង។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា ចាប់តាំងពីគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និងបើកឱ្យប្រជាពលរដ្ឋចាប់ផ្តើមដាក់ពាក្យបំពេញកាតព្វកិច្ចយោធានៅតាមបណ្តាកងរាជធាវុធហត្ថ ក្រុង ស្រុក ខណ្ឌ និងការដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាតាមរយៈប្រព័ន្ធអនឡាញទៀតនោះ មានការចូលរួមយ៉ាងផុលផុសពីយុវជន យុវនារី ដែលមានរហូតដល់ ១៥ ០០០នាក់ បានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការដាក់ពាក្យចូលរួមបំពេញកាតព្វកិច្ចយោធារបស់យុវជន យុវនារី ក្នុងឆ្នាំ២០២៦នេះ ជាសកម្មភាពដ៏ល្អ និងបានសបញ្ជាក់ឱ្យឃើញពីការតាំងចិត្តខ្ពស់ចំពោះការចង់ចូលរួមក្នុងការបំរើជាតិ និងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដែលសកម្មភាពវិជ្ជមាននេះបង្ហាញពីខឿនការពារជាតិដ៏រឹងមាំ ដែលមិនអាចបំបែកបានរបស់ប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៖
