FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធករណីកាប់បំផ្លាញម៉ូតូ និងគ្រឿងញៀន

03-11-2026 15:46

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ថៃ សុខលាង ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណីលួច និងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលបង្កឡើងដោយជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១៥នាក់ ពុំស្គាល់អត្តសញ្ញាណ ដោយបានធ្វើសកម្មភាពចូលមកកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះចំនួន០២គ្រឿង បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរ និងបានធ្វើសកម្មភាពចូលទៅលួចយកធុងបាស់របស់ជនរងគ្រោះនៅនៅក្នុងផ្ទះបន្ថែមទៀត។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានរត់គេចខ្លួនអស់។

ក្រោយពីទទួលបានបណ្ដឹងខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យបាន ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កម្លាំងបានធ្វើប្រតិបត្តិការបង្ក្រាប៣ចំណុច មានក្នុងសង្កាត់អូរអំបិល, សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៤នាក់ ១.ឈ្មោះ ណុង រ៉ាឈិត ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ ចន រាជ (រក្សា) ភេទប្រុស អាយុ២៦ឆ្នាំ, ៣.ឈ្មោះ ម៉េត រ៉ាយុត្តិ (មាន) ភេទប្រុស អាយុ១៩ឆ្នាំ, ៤.ឈ្មោះ សារ៉ាក់ ម៉ូលីណេត ភេទប្រុស អាយុ២៧ឆ្នាំ ក្នុងចំណោមបក្ខពួក១៥នាក់ ព្រមទាំងបានចាប់យកវត្ថុតាង៖ ១.ស្រោមសំបុត្រ ពណ៌ស បិទជិត សម្រាប់ដាក់គ្រឿងញៀន មួយកញ្ចប់តូច (មានស្នាមម្រាមដៃរបស់ជនសង្ស័យឈ្មោះ ណុង រ៉ាឈិត), ២.កាំបិតកែច្នៃ ប្រវែង៦៦ សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ដែកឆាប ដងឈើ ប្រវែង២៦ សង់ទីម៉ែត្រ ចំនួន០១ដើម, ៤.កាំបិតកែច្នៃដងដែក ប្រវែង១០៧ សង់ទីម៉ែត្រ ចំនួន០២ដើម, ៥.ទូរសព្ទដៃ ចំនួន៣គ្រឿង, ៦.ស្ពីកឃើ ចំនួន០២គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)។ ជនសង្ស័យក្រោយឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យខាងលើ រកឃើញមានសារធាតុញៀនវិជ្ជមាន(+) ចំនួន០៣នាក់ ចំណែកជនសង្ស័យឈ្មោះ ម៉េត រ៉ាយុត្តិ (មាន) ពុំមានសារធាតុញៀននោះទេ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពយកកាំបិត ដេញកាប់ទៅលើក្រុមជនរងគ្រោះ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឱ្យខូចខាតចំនួន០២គ្រឿង ថែមទាំងបានចូលលួចយកធុងបាស់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

សូមបញ្ជាក់ថា កន្លងមកក្រុមជនសង្ស័យខាងលើ គឺជាមុខសញ្ញាក្រុមក្មេងទំនើង និងជាគូជម្លោះ ដែលបង្កអសន្តិសុខ និងប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាប និងបានបញ្ជូនទៅពន្ធនាគារតាមដីការបស់តុលាការ ក្រោយចេញពីពន្ធនាគារវិញ ក្រុមជនសង្ស័យទាំងនេះបានចូលរួមគ្នាប្រព្រឹត្តបទល្មើសបន្តទៀត។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕