កម្ពុជា-ចិន បន្តសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ តាមរយៈ «កិច្ចសន្ទនារូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត»
03-11-2026 15:44
(ចិន)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំង និងជួបពិភាក្សាការងារជាមួយក្រុមការងារអភិរក្សតំបន់បេតិកភណ្ឌទេសចរណ៍ និងវប្បធម៌ «រូងភ្នំម៉ូកៅ (Mogao Caves)»។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តកិច្ចសហការរៀបចំថតវីដេអូផ្សព្វផ្សាយទេសចរណ៍បែបវប្បធម៌ ក្រោមប្រធានបទ «កិច្ចសន្ទនារូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» ដែលធ្លាប់បានផលិត និងផ្សព្វផ្សាយកន្លងមក ដើម្បីបង្ហាញពីភាពស្រដៀងគ្នា និងភាពទាក់ទាញនៃសម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរ។
កិច្ចសហការនេះនឹងក្លាយជាស្ពានតភ្ជាប់ទេសចរណ៍វប្បធម៌ និងផលិតផលទេសចរណ៍ដ៏ទាក់ទាញរវាងកម្ពុជា និងចិន ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមកទស្សនាទៅវិញទៅមកកាន់តែច្រើនថែមទៀត៕










