FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយមានសេចក្តីរាយការណ៍ពីសត្វដំរីព្រៃចល័ត ក្នុងភូមិសាស្ត្រឃុំយាង

03-11-2026 15:41

(ព្រះវិហារ)៖ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបន្តយកចិត្តទុកដាក់តាមដានសកម្មភាពចល័តរបស់ហ្វូងសត្វដំរីព្រៃ ដែលបានចល័តចេញពីភាគខាងលិចនៃភូមិកំប្រាក់ ឆ្ពោះទៅកាន់ភូមិអូរដា ឃុំយាង ស្រុកជាំក្សាន្ត ដោយដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងជៀសវាងការប៉ះពាល់ដល់សត្វដំរីព្រៃ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកជាំក្សាន្ត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កន្លងមកមានសេចក្តីរាយការណ៍អំពីសកម្មភាពចល័តរបស់ហ្វូងសត្វដំរីព្រៃចេញពីតំបន់ខាងលិចភូមិកំប្រាក់ ឆ្ពោះទៅកាន់ភូមិអូរដា ដែលជាស្ថានភាពទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ពាក់ព័ន្ធ។

ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលស្រុកបានបន្តសហការជាមួយរដ្ឋបាលឃុំ កម្លាំងនគរបាល កម្លាំងប្រជាការពារ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីតាមដាន និងរាយការណ៍អំពីទីតាំងចល័តរបស់សត្វដំរីព្រៃជាប្រចាំ ព្រមទាំងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលធ្វើដំណើរ និងប្រកបរបរកសិកម្មនៅតាមតំបន់ដែលអាចជាផ្លូវចល័តរបស់សត្វដំរី។

ជាមួយគ្នានេះ រដ្ឋបាលស្រុកបានណែនាំដល់ប្រជាពលរដ្ឋឱ្យចៀសវាងការចូលទៅជិត ការដេញដំ ការគប់ដុំថ្ម ការបង្កសំឡេងរំខាន ឬសកម្មភាពណាមួយដែលអាចធ្វើឱ្យសត្វដំរីព្រៃភ្ញាក់ផ្អើល និងមានប្រតិកម្មគ្រោះថ្នាក់ ជាពិសេស មិនត្រូវប្រមូលផ្តុំគ្នាទៅមើល ឬថតរូបនៅក្បែរសត្វដំរីព្រៃឡើយ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវរារាំងផ្លូវចល័តរបស់សត្វដំរីជាដាច់ខាត។

ក្នុងករណីប្រទះឃើញសត្វដំរីព្រៃ ប្រជាពលរដ្ឋត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីឱ្យមានការចាត់វិធានការសមស្រប និងទាន់ពេលវេលា។

រដ្ឋបាលស្រុកជាំក្សាន្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការអនុវត្តតាមវិធានការណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសជាតិ។រដ្ឋបាលស្រុកបានគូសបញ្ជាក់ថា សុវត្ថិភាពប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃ គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា៕