អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងគ្រប់ប្រភេទឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពបំផុត
03-11-2026 15:32
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែតុលា និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
យោងតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែតុលា បានឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។
បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការ ទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រតិបត្តិការ បង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក សុខ លូ បានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងគ្រប់ប្រភេទឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពបំផុត។ លោកបានក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន និងទប់ស្កាត់ការរំពងសំឡេងឮខ្លាំងៗរំខានដល់ការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោកប្រធានអង្គប្រជុំបានពិភាក្សាលើការងាររៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខ ឱ្យបានសមស្រប និងអធិកអធម ព្រមទាំងការបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពឱ្យបានល្អ។
លោកអភិបាលខេត្តជំរុញអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវពង្រឹងកិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្តដើម្បីបណ្ដុះបណ្ដាលមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន និងសាធារណមតិសំដៅរួមគ្នាពន្លឿនការក្ដាប់សភាពការណ៍ និងដោះស្រាយបញ្ហាសាធារណមតិតាមបណ្ដាញសង្គមឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។
ក្នុងឱកាសនេះ លោកអភិបាលខេត្តបានពិនិត្យ និងតាមដានរបាយការណ៍ស្ដីពីលទ្ធផលការងារដែលអាជ្ញាធរក្រុង ស្រុកទាំង១៤បានអនុវត្តកន្លងមក រួមមាន៖
* ការយកចិត្តទុកដាក់លើការងារសម្អាតអនាម័យបរិស្ថានតាមបណ្ដាភូមិ ឃុំ សង្កាត់។
* ការរៀបចំយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន។
* ការរៀបចំកាត់សំយ៉ាប និងសំណង់ដែលរំលោភលើចំណីផ្លូវ ព្រមទាំងការបើកផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
* ការជំរុញការតែងតាំងនាយកគ្រឹះស្ថានសិក្សាតាមបណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្ត។
ជារួម តាមរយៈរបាយការណ៍ដែលបានលើកឡើង អាជ្ញាធរក្រុង ស្រុកទាំង១៤ បានខិតខំអនុវត្តការងារតាមការណែនាំ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកអភិបាលខេត្តបានកំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឆ្លើយតបនឹងតម្រូវការផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕






















