មន្ដ្រីជំនាញខេត្តកំពង់ឆ្នាំង អំពាវនាវពលរដ្ឋម្ចាស់ក្បាលដីនៅឃុំទឹកហូត ស្រុករលាប្អៀរ ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឲ្យបានត្រឹមត្រូវមុនចេញបណ្ណកម្មសិទ្ធិ
03-11-2026 15:26
(កំពង់ឆ្នាំង)៖ លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ មកធ្វើការផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីរបស់ខ្លួន ឲ្យបានត្រឹមត្រូវមុនចេញបណ្ណយកទៅប្រើប្រាស់។
លោកអំពាវនាវបែបនេះ ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិទឹកហូត, ភូមិគោកស្តៅ, ភូមិរនាមទទឹង, ភូមិព្រែករាំង,ភូមិត្រពាំងក្រពើ, ភូមិទឹកល្អក់, ភូមិអូរសណ្តាន់ និងភូមិព្រែកសាលា ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តទឹកហូត ដោយមានការចូលរួមពីអាជ្ញាធរដែនដី មន្ទីរ ស្ថាប័ន ជុំវិញខេត្ត តំណាងធនាគារ ឯកជន និងប្រជាពលរដ្ធផងដែរ។
លោកអនុប្រធាន បានបន្តថា ការបិទផ្សាយរយៈពេល១៥ថ្ងៃនេះ ពិតជាមានសារ:សំខាន់ចំពោះម្ចាស់ក្បាលដី ដើម្បីមកពិនិត្យក្បាលដីរបស់ខ្លួនដូចជា៖ ឈ្មោះ, អក្ខរវិរុទ្ធ, ទំហំ, រូបរាងដី ថាតើត្រឹមត្រូវ ឬមានកំហុសឆ្គងណាមួយដើម្បីមន្ត្រីជំនាញ និងធ្វើការកែតម្រូវឡើងវិញ ក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៣ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយន្តការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសិទ្ធិកាន់កាប់ដោយស្របច្បាប់ កាត់បន្ថយវិវាទ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។ ឆ្លៀតក្នុងឱកាសនោះ លោកបានស្នើដល់អាជ្ញាធរជួយផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងភូមិទាំងអស់ខាងលើនេះ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា សម្រាប់ក្បាលដីទាំង៨ភូមិខាងលើសរុបចំនួន៩,៣៩៨ក្បាលដី មានម្ចាស់កម្មសិទ្ធិចំនួន៤,៦៩៧គ្រួសារ ជាប្រភេទដីកសិកម្ម ដីលំនៅឋាន ដីវត្ត ដីសាលាឆទាន ដីសាលារៀន ដីរួមភូមិ និងដីទីទូលអ្នកតា៕










