ប្រជាពលរដ្ឋស្រុកស្រីសន្ធរ បានលើកឡើងសំណើ និងសំណូមពរ៩ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
03-11-2026 15:23
(កំពង់ចាម)៖ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តបុទុមសាគរ (វត្តចុងបឹង ក្រៅ) ភូមិចុងបឹងក្រៅ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ប្រជាពលរដ្ឋ បានស្នើសុំដោះស្រាយបញ្ហាផ្សេងៗ ចំនួន ៩ករណី។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើត្រូវបានលោក ឃន ប្រុស អភិបាលរងខេត្ត បានធ្វើការឆ្លើយតបភ្លាមៗ នូវសំណើ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋ បានលើកឡើងរួមមាន៖ ការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីថ្មី បន្ទាប់ពីប្លង់ ចាស់ប៉ះពាល់ដល់ផ្លូវ, សុំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី, សុំសាងសង់លំនៅឋាននៅលើដីចំណីទន្លេ, សុំដោះស្រាយប្រព័ន្ធទឹកស្រោចស្រពដំណាំកសិកម្ម, សុំប្រព័ន្ធលូរំដោះទឹកភ្លៀង, សុំផ្លូវបេតុងមួយខ្សែ, សុំធ្វើប្រព័ន្ធលូកាត់ទទឹងផ្លូវបេតុង សុំជួសជុលច្រាំងទន្លេ និងសុំបណ្ណកម្មសិទ្ធិដីកសិកម្មជាដើម។
លោក ខ្លូត ផន បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយក ទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស់ ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ៕









