ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR នៅខេត្តកំពត
03-11-2026 14:41
(កំពត)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្ហាញពីការវិវត្តនៃប្រព័ន្ធទូទាត់សងប្រាក់បែបឌីជីថលដ៏ទំនើបរបស់កម្ពុជា។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោល ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរជុំវិញខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រយ៉ាងសកម្ម ចំពោះប្រាក់រៀល ដែលជារូបិយវត្ថុ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិ។
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក អាចប្រព្រឹត្តទៅដោយរលូន និងពិសេស ទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីសំខាន់ ប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យមានភាពរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ដែលតំណាងឱ្យអធិបតេយ្យ និងអត្តសញ្ញាណជាតិ។ ដូចនេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ពិសេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទូទាត់ទំនើប ដូចជា ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅតាមទីផ្សារ អាជីវកម្ម សណ្ឋាគារ រមណីយដ្ឋាន និងសហគ្រាសក្នុងខេត្ត ប្រៀបបាននឹងការលើកកម្ពស់កិត្យានុភាពជាតិ រក្សាស្ថិរភាពថ្លៃទំនិញ និងបង្ហាញពីភាពជឿនលឿននៃសេដ្ឋកិច្ចឌីជីថលកម្ពុជា ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក យឹម លាត បានជម្រាបជូនអង្គពិធីពីដំណើរវិត្តន៍របស់ប្រាក់រៀល ចាប់តាំងពីការចាប់កំណើតឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតដល់ការប្រែក្លាយខ្លួនមកជា «ប្រាក់រៀលនៅក្នុងទូរស័ព្ទដៃ» តាមរយៈប្រព័ន្ធបាគង (Bakong) និង KHQR។
លោកបន្តថា ទិន្នន័យនៃការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០២៣ បានបង្ហាញយ៉ាងច្បាស់ថា ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទូទាត់ប្រចាំថ្ងៃ ដោយការចំណាយជាប្រាក់រៀល របស់កម្មករនិយោជិតរោងចក្រ មានរហូតដល់ប្រមាណ ៩២% សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត និងប្រមាណ ៨២% សម្រាប់អ្នករស់នៅទីក្រុង។
បន្ថែមលើនេះ សិក្ខាសាលា ក៏បានផ្សព្វផ្សាយអំពីភាពងាយស្រួលនៃប្រព័ន្ធបាគង និង KHQR ព្រមទាំងការដាក់ឱ្យដំណើរការ «បាគងទេសចរ - Bakong Tourists App)» ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការចាយវាយជាប្រាក់រៀលដោយមិនបាច់ប្រើសាច់ប្រាក់សុទ្ធ។
លោក យឹម លាត ក៏បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល មិនអាចសម្រេចបានដោយស្ថាប័នណាតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺចាប់ផ្តើមពីទម្លាប់តូចៗ មិនថាជាការទូទាត់ ការសន្សំ ឬការកំណត់តម្លៃជាប្រាក់រៀល ដើម្បីរួមចំណែកពង្រឹងមូលដ្ឋាន និងភាពធន់នៃសេដ្ឋកិច្ចជាតិ។
លោកបន្តឱ្យដឹងទៀតថា “សកម្មភាពតួចៗរបស់យើងម្នាក់ៗ នៅពេលរួមបញ្ចូលគ្នា នឹងក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការពង្រឹងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ”។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីផ្សព្វផ្សាយនាព្រឹកនេះ ក៏មានសកម្មភាពអបអរសាទរជាច្រើនដូចជា ការធ្វើបទបង្ហាញរបស់សិស្សានុសិស្ស ការតាំងពិព័រណ៍ប្រវត្តិប្រាក់រៀល ការបញ្ចាំងវីដេអូខ្លីស្តីពីប្រាក់រៀល កម្មវិធីល្បងប្រាជ្ញាយករង្វាន់ និងការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មីដោយឥតគិតថ្លៃ ជូនដល់សាធារណជនផងដែរ៕






















