ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១១ នៅរដ្ឋធានីប៉េកាំង
03-11-2026 14:33
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៦) ផ្លាស់ប្តូរយោបល់លើទីតាំង និងអាទិភាពនាពេលអនាគតសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ ព្រមទាំងពិនិត្យមើលភាពបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រទៅវិញទៅមកមករវាងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង។
កិច្ចប្រជុំ នឹងផ្តោតលើជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការភ្ជាប់ផ្នែកសង្គម និងវប្បធម៌ក្នុងអនុតំបន់មេគង្គ-ឡានឆាង។
ស្របពេលជាមួយគ្នានៃកិច្ចប្រជុំនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕




