បណ្ឌិត កៅ ថាច ចុះពិនិត្យសិក្សាស្វែងយល់សិប្បកម្មកែច្នៃជលផល នៅស្រុកស្ទោង
03-11-2026 14:29
(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកនាំសហការី ចុះពិនិត្យ និងសិក្សាស្វែងយល់ «សិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី» ដែលស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
តំណាងសិប្បកម្មកែច្នៃផលិតផលជលផល «ចាវ សួស្តី» បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ សិប្បកម្មមួយនេះក៏ជាកន្លែងផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ។
សិប្បកម្មមានធ្វើប្រហុកត្រីរ៉ស់ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត ហើយរាល់ផលិតផលទាំងអស់មានជាង៨០% មានស្តង់ដារ .ច.ប.ផ ។ រាល់ផលិតផលទាំងអស់ដែលធ្វើនៅសិប្បកម្មនេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារទេ ប៉ុន្តែសិប្បកម្មក៏បានរៀបចំពេលវេលា សម្រាប់សិស្សចូលមករៀនសូត្រ ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
បើតាមតំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃរបស់ខ្លួន នៅមិនទាន់មានឈ្មោះល្បីខ្លាំងនោះទេ ប៉ុន្តែម្ស៉ៅប្រហុក និងម៉្សៅត្រីប្រម៉ា មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន។ សិប្បកម្មក៏មានបណ្តាញផ្នែកលក់ នៅតាមបណ្តាខេត្តទូទាំងប្រទេសផងដែរ៕










